នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ « ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែករបស់យុវជនដើម្បីពិភពលោកប្រកបដោយសន្តិភាព» នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ បណ្ដាក្រសួង/ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ដែលបានចូលរួមជាគណៈអធិបតី ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងវិស័យឯកជនហ្វ្រង់កូហ្វូន ប្រមាណ ២០០នាក់។
ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ។ ជាងនេះទៅទៀត នៅចុងឆ្នាំ២០២៦ នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។











