លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យរមណីយដ្ឋានប្រាសាទគុកយាយហម


នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងប្រាសាទគុកយាយហម ដែលស្ថិតនៅក្នុងភូមិជ្រេស ឃុំព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវបានធ្វើការណែនាំដល់មន្រ្តីជំនាញឲ្យបន្តយកចិត្តទុកដាក់ជួសជុល ថែរក្សារូបបដិមា សំណង់ប្រាសាទ បរិស្ថានជុំវិញ និងត្រូវរៀបចំកែច្នៃរមណីយដ្ឋានប្រាសាទគុកយាយហមនេះឲ្យមានសោភ័ណ្ឌភាពដើម្បីឆ្លើយតបដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ផង និងដើម្បីសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ផង។

គួរបញ្ជាក់ថា ប្រាសាទគុកយាយហម ជាប្រាសាទបុរាណដ៏ចំណាស់មួយស្ថិតដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តួប្រាង្គប្រាសាទនេះធ្វើអំពីថ្មភក់សុទ្ធសាធ មានទ្វារចូលបែររកទិសទាំងបួន។