ព្រះសីហនុ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែរស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ៧ និង ៥០នាទីព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមាន ឈ្មោះ Seven Seas Mariner សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិ សាសន៍ចំនួន ៦០៩នាក់ ក្នុងនោះមានស្រី ៣២៣នាក់ មាន ២៧សញ្ជាតិ មាននាវិកចំនួន ៤៦៤នាក់ ស្រី ១០៨នាក់ មាន ៣៦សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គោលបំណង នៃការចូលចតរបស់នាវាទេសចរណ៍ ខាងលើ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍន៍រីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ។
ក្នុងឱកាសនៃការចូលចតរបស់នាវាខាងលើនេះ មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួយសម្របសម្រួលក្នុងការធ្វើបែបបទ (ប៉ាស្ព័រ) ដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរបរទេសបានលឿន ឆាប់។ ជាមួយគ្នានេះដែរភ្ញៀវទេសចរក៍បានធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន តំបន់ឆ្នេរសមុទ្រ តំបន់វប្បធម៌តាមវត្តអារាមនានា តំបន់នេសាទ នៅក្នុងក្រុងព្រះសីហនុ ទស្សនារូបសំណាកព្រះថោងនាងនាគ និងរូបសំណាកផ្សេងទៀតក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម មជ្ឈមណ្ឌល Bay of Lift ជាដើម ។
លក្ខណ:បច្ចេកទេសនាវា Seven Seas Mariner មានបណ្តោយ ២១៦, ៩៣ម៉ែត្រ ទទឹងប្រវែង ២៨, ៨០ម៉ែត្រ ជំរៅទឹក ៧ម៉ែត្រ ។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាមចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧និង៥០នាទី ព្រឹកថ្ងៃទី២ ខែមេសា នាវានេះមានគម្រោងបន្តដំណើរទៅប្រទេសថៃ នៅថ្ងៃទី៣ ខែមេសា ២០២៦ វេលាម៉ោង ១៧ល្ងាច ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Seven Seas Mariner ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា៖ USA មានចំនួន ៤០០នាក់ ស្រី ២១១នាក់ ។ ភ្ញៀវចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាខេត្តសៀមរាបមានចំនួន ១៤នាក់ ស្រី ៧នាក់ ស្មើនឹង ២សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន ១នាក់ ៕

.j.jpg)



.j.jpg)

