អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។
បងប្អូនប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រ នៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ៕




