គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅបរទេស នៃក្រសួងការបរទេសវៀតណាម និងលោក ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត។ ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។
ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម និងកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ហើយគណៈកម្មាធិការរដ្ឋទទួល បន្ទុកជនវៀតណាមនៅបរទេសមានតួនាទី ក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា។
ឯកឧត្តម សុខ លូ បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ដូច្នេះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។
ជាការឆ្លើយតបភាគីវៀតណាមបានឯកភាព និងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង ជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ បន្ថែមពីនេះ ភាគីវៀតណាម បានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបង ជាពិសេសអង្ករបាត់ដំបង និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ភាគីវៀតណាម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។ ភាគីវៀតណាម បានលើកឡើងពីការយកសំណាកដី នៅខេត្តបាត់ដំបងទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបង ដើម្បីជំរុញការវិនិយោគ៕















