ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​បានអញ្ជើញចូលរួម​ ក្នុងពិធីអបអរសាទរ «ទិវា​ព្រះពុទ្ធសាសនាអន្តរជាតិ ​» ឆ្នាំ២០២៦ ក្រោមប្រធានបទ  «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ។

នៅក្នុងពិធីនេះដែរ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ​ព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ​ ព្រះមន្រ្តីសង្ឃ, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​ព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ​ ឯកអគ្គរាជទូត អគ្គរដ្ឋទូត តំណាងអង្គទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្តីរាជការ ក្រសួង​-ស្ថាប័ន លោក លោកស្រី តំណាងសាសនិកគ្រប់សាសនា ព្រមទាំងនិស្សិតសរុបចំនួនជាង៩០០អង្គ/នាក់

បន្ទាប់ពីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង  អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក  ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញអានព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគោរពថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀត
ឱកាសដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ
« ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនា» ​នាឱកាសនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិ និងគោលបំណងនៃ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថាប្រារព្ធឡើង ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ ហើយក៏ជាការផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព ​ក្នុងសង្គមជាតិនិងសកលលោក។

បន្ទាប់ពីបានជ្រាបអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ​​ និងវាយតម្លៃខ្ពស់​ ចំពោះក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ដែលបានសហការរៀបចំបានយ៉ាងល្អនូវ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»​ ដែលជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់រំលេចឱ្យឃើញអំពីតួនាទីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកកសាងនូវសាមគ្គីធម៌ ការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យ​នយោបាយ សេដ្ឋកិច្ច សណ្តាប់ធ្លាប់សង្គម វប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងសាមគ្គីភាព សន្តិភាព សុខដុមរមនានៅក្នុងសង្គម ។ ជាងនេះ ក៏ជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីជំរុញឱ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គម និងពិភពលោក។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ សមស្របទៅនឹងបរិបទនៃពិភពលោក​បច្ចុប្បន្ន កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាជម្លោះប្រដាប់អាវុ​ធ សង្រ្គាមសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ភាពឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ភាពផុយស្រួយនៃជម្លោះសាសនា ការបំពុលបរិស្ថាន​ ជំងឺឆ្លង និងគម្លាតសង្គម ធ្វើឱ្យមនុស្សរស់នៅមិនមានភាពចុះសម្រុង និងមិនយោគយល់គ្នា ព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គម ហើយវិបត្តិទាំងនោះ បានក្លាយជាបញ្ហារួមនៅក្នុងសង្គម ក្នុងតំបន់ ក៏ដូចជាពិភពលោក ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។ ព្រះពុទ្ធសាសនា គឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌ សង្គហធម៌ និងមាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវទស្សនទានមួយចំនួនដូចខាងក្រោម៖

១.សូមឱ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះ ឱ្យបានទូលំទូលាយ ហើយប្រែក្លាយប្រធានបទនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុខដុមរមនានៅក្នុងសង្គម និងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក។

២.សូមចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរុងរឿង លើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺចាំបាច់និងបន្ទាន់ជាងពេលណាៗទាំងអស់។

​៣.ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះសូមឱ្យពុទ្ធសាសនិកជនគ្រប់រូប សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ គោរពប្រតិបត្តិឱ្យត្រឹមត្រូវ បញ្ជៀសឱ្យបានជាដាច់ខាត ការយកសាសនាធ្វើជាឧបករណ៍ ដើម្បីស្វែងរកនូវប្រយោជន៍ផ្ទាល់ខ្លួន ។

៤.ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយ ភាពផ្សេងគ្នានៃជំនឿនិងសាសនា មិនមែនជារនាំងខាន់ចែកមិត្តភាព និងភាតរភាពរវាងគ្នានិងគ្នានោះទេ  ដូច្នេះត្រូវបន្តរក្សាសាមគ្គីភាពគ្នាជាធ្លុងមួយ ធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ ពោលគឺសន្តិភាពជូនជាតិមាតុភូមិ តាមរយៈការប្រតិបត្តិតាមទ្រឹស្តីដ៏ល្អឯករបស់សាសនានីមួយៗ ។

ក្នុងឱកាសនោះដែរ ដើម្បីរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា
ព្រះស្រីលោកធម្មិករាជ ក្រសួងធម្មការនិងសាសនា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេន សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃចំនួន៧៤ព្រះអង្គ  ដើម្បីថ្វាយព្រះរាជកុសលដល់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់​ សម្រាប់ប្រជានុរាស្រ្តរបស់ព្រះអង្គ អស់កាលជានិច្ចនិរន្តរ៍។