ដោយសទ្ធាជ្រះថ្លា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាគណៈ ខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តប្រជុំនទីហៅវត្ដក្រពើហារ នៅក្នុងក្នុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាគណៈ ខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តប្រជុំនទីហៅវត្ដក្រពើហារ បានគោរពថ្លែងអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ទំនុកបំរុងនូវទេយ្យទាននិងគ្រឿងឧបភោគបរិភោគជួយទ្រទ្រង់ព្រះសង្ឃសមណៈសិស្សក្នុងវត្ត សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំ មន្ត្រី កាកបាទក្រហមកម្ពុជា ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សិរីមង្គល វិបុលសុខគ្រប់ប្រការ ដើម្បីដឹកនាំការងារមនុស្សធម៌ និងជួយសម្រាលការលំបាក់របស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឱ្យជួយ។
សូមជម្រាបផងដែរថាគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលបានយកទៅប្រគេនព្រះសង្ឃគង់នៅវត្ដប្រជុំនទី ហៅវត្ដក្រពើហារនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈវីកូឡា ២០កេស, ទឹកបរិសុទ្ធឱរ៉ាល់ ២០កេស, ទឹកដោះគោប់ ២កេស, កាហ្វេហ្គោរ៉ូស១០កញ្ចប់, តែ ២គីឡូក្រាម, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ ,ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈើស្រស់ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។ ប្រគេនដល់ព្រះចៅអធិការវត្តចំនួន ២លានរៀល ប្រគេនព្រះសង្ឃគង់អម៤អង្គ ក្នុង១អង្គៗ ១លានរៀល ជូនលោកអាចារ្យ៣នាក់ ក្នុងម្នាក់ៗ២០ម៉ឺនរៀលជូនចាស់សីលវន្តសីលវត្តី៥នាក់ក្នុងមា្នក់៥ម៉ឺនរៀល៕



































