(ភ្នំពេញ)៖ ក្រោមម្លប់ដ៏ត្រជាក់នៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយមេត្តាធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌លើកទី១៣ ព្រមទាំងរៀបចំអាហារសម្រន់ជូនដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា។
ក្នុងឱកាសដ៏សែនកក់ក្ដៅនោះ ក្មួយៗបានចូលរួមច្រៀងរាំ និងលេងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយ។ តំណាងយុវនារីដែលជានិស្សិតឆ្នាំទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងផ្ដល់ក្ដីស្រឡាញ់ និងការទំនុកបម្រុងគ្រប់បែបយ៉ាង ជួយឱ្យពួកគេចាកចេញពីភាពភ័យខ្លាច មករស់ក្នុងជីវិតថ្មីដែលមានពន្លឺ និងក្ដីសង្ឃឹម។
នាឳកាសសំណេះសំណាលនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្មួយៗទាំងអស់ ដោយបានសង្កត់ធ្ងន់ថា៖
ក្មេងៗគឺជាទំពាំងស្នងឫស្សីដ៏សំខាន់របស់ជាតិ ត្រូវខិតខំសិក្សារៀនសូត្រឱ្យពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍសង្គមជាតិទៅអនាគត។ សម្រាប់ការរស់នៅដោយសេចក្តីថ្លៃថ្នូរ ទោះបីជួបការលំបាក ក៏មិនត្រូវបាក់ទឹកចិត្ត ត្រូវចេះស្រឡាញ់គ្នា ជួយយកអាសាគ្នា និងប្រកាន់ខ្ជាប់នូវសុជីវធម៌ល្អជានិច្ច។
លោកជំទាវបានបន្តថា ដើម្បីជួយសម្រាលការលំបាក និងគាំទ្រដល់ការហូបចុក កាកបាទក្រហមកម្ពុជាបានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី ២០កេស, ត្រីខ ៣កេស, ប្រេងឆា ៣កេស, ឆៃពៅ ២០កំប៉ុង, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកបរិសុទ្ធ ១០កេស និងទឹកក្រូច ១០កេស។ ចំពោះសម្ភារអនាម័យមានសាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស និងម៉្សៅសាប៊ូ ៤កេស ។បន្ថែមពីនេះមានថវិកាចំនួន ១០,០០០,០០០រៀល ព្រមទាំងអាហារសម្រន់មួយពេលយ៉ាងឈ្ងុយឆ្ងាញ់ផងដែរ៕















































