សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២៣


នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២៣។ ពិធីបិទវគ្គនេះ ក៏មានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល វិមាន ៧ មករា , រាជធានីភ្នំពេញ។

ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈុំ បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៣ នាឱកាសនេះ ក្រោយពេលវគ្គសិក្សាបានដំណើរការចប់តាមកម្មវិធីរៀនសូត្រប្រកបដោយជោគជ័យ។ ជាមួយគ្នានេះសម្តេចក៏បាននាំមកជាមួយនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសារធុការពរដ៏បវរមហាប្រសើរពី សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស និងសម្តេច អនុប្រធានគណបក្ស ជូនដល់អង្គពិធីទាំងមូលប្រកបដោយមនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល អំពីដំណើរការវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ព្រមទាំងចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម ដែលបានបង្ហាញនូវការយល់ដឹងថ្មីៗដ៏មានសារៈសំខាន់ដែលខ្លួនបានទទួល និងការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបានល្អនូវទិសដៅភារកិច្ចនានាដែលគណបក្សប្រគល់ជូនរួចមក សម្តេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ បណ្តាស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស សិក្ខាកាម មន្ត្រីបុគ្គលិកបម្រើការងារបស់វគ្គ ដែលបានអនុវត្តបានយ៉ាងល្អនូវភារកិច្ចរបស់ខ្លួន ធ្វើឲ្យវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៣ នៅពេលនេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដែលជាសមិទ្ធផលមួយថ្មីទៀតក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សរបស់គណបក្សយើង។

សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថាចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបានពីវគ្គអប់រំនយោបាយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យមើលឃើញនូវរាល់ការងារដែលយើងបានអនុវត្តកកន្លងមក តើមានចំណុចណាជាចំណុចល្អ ចំណុចខ្លាំងដែលយើងគប្បីបន្តពង្រឹង ពង្រីកឲ្យកាន់តែល្អ កាន់តែខ្លាំងជាងនេះទៅទៀត ហើយមានចំណុចណាមិនល្អ ជាចំណុចខ្សោយ ដែលយើងត្រូវតែកែតម្រូវ ឬក៏តស៊ូកម្ចាត់ចោលឲ្យបាន។ ចំណេះដឹងនេះក៏ជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោល-នយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។

ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា កត្តាដែលនាំឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អ គឺដោយសារ ៖

១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត

២.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ ពិសេសលើការរៀបចំ និងបង្កលក្ខណៈឲ្យមន្រ្តីរបស់ខ្លួនបានមកចូលរៀននៅក្នុងបណ្តាវគ្គ ទាំងក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ស្របតាមការកំណត់របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល

៣.ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់វគ្គសិក្សា

៤.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ, ការគោរពវិន័យរបស់វគ្គ, ការរឹតចំណងមិត្តភាពរវាងគ្នា និងគ្នា ក្នុងស្មារតីនៃគ្រួសារបក្ស និងការខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស ជាមួយនោះ សិក្ខាកាមយើងក៏បានកសាងមិត្តភក្តិថ្មីៗច្រើនទៀតនៅក្នុងវគ្គសិក្សានេះ

៥.ការខិតខំរបស់គណៈឃោសនាអប់រំ ដែលបានរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នផ្សេងៗទៀតជុំវិញគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន

៦.ដោយបរិយាកាសសង្គម បានបង្កលក្ខណៈឲ្យសិក្ខាកាមយើង បានមករៀនដោយស្ងប់ចិត្តពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។