(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ នឹងវិធានការដែលត្រូវអនុវត្តចំពោះ ករណីក្មេងទំនើង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងព្រះរាជអាជ្ញា នៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានណែនាំឲ្យឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម ទៅបម្រើការងារនៅសមរភូមិមុខ ដូចជាការ ចាក់បេតុងលេណដ្ឋាន ជាដើម។ គោលបំណងនៃការស្នើនេះ គឺដើម្បីអប់រំក្រុមក្មេងទំនើងឲ្យដឹងពីការលះបង់របស់កងទ័ពក្នុងការការពារជាតិ និងដើម្បីភ្ជាប់ពួកគេទៅនឹងការបម្រើជាតិ ព្រមទាំងចៀសវាងការទុកពួកគេនៅពន្ធនាគារដោយឥតប្រយោជន៍។
សម្តេចបានបញ្ជាក់ថា នេះមិនមែនជាការយកពួកគេទៅកាន់កាំភ្លើងនោះទេ ប៉ុន្តែជាការជួយកងវិស្វកម្មក្នុងការចាក់ពុម្ពលេណដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានគោលការណ៍ឲ្យធ្វើច្បាប់ថ្មីទេ គឺឲ្យសិក្សាច្បាប់ចាស់ អាហ្នឹងទី១ […] ទី២ ខ្ញុំថាឲ្យយកទៅបម្រើសកម្មភាពនៅសមរភូមិមុខ មិនមែនបញ្ជូនទៅសមរភូមិមុខទេ។ ខ្ញុំនិយាយច្បាស់ថា មិនកាន់កាំភ្លើងទេ។ ខ្ញុំមិនយកក្មេងទំនើងទៅកាន់កាំភ្លើង ខូចសណ្តាប់ធ្នាប់ទ័ព នៅខាងពេលខាងមុខទេ»។
បើតាមប្រសាសន៍សម្តេចធិបតី ជាគោលគំនិត ក្មេងទំនើងប្រព្រឹត្តខុសច្បាប់ ត្រូវអនុវត្តច្បាប់ជាធរមាន ដែលត្រូវតែមានអ្នកត្រូវការអប់រំ និងអ្នកត្រូវជាប់ឃុំ។ អ្នកត្រូវជាប់ឃុំ មិនមែនឲ្យគាត់ហូបដេកទេ គឺធ្វើការងារជាប្រចាំ ហេតុនេះសម្តេច ចង់ឲ្យសិក្សាយកអ្នកជាប់ឃុំ ទៅធ្វើការងារដូចជា ការដាំបន្លែ និងចាក់បេតុងលេណដ្ឋាន នៅសមរភូមិមុខ។
ការរៀបចំធ្វើបែបនេះចំពោះក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គមជាតិ ដើម្បីឱ្យពួកគេដឹងថា កងទ័ព ដែលជាយុវជនដូចគ្នា ពួកគាត់កំពុងតែឈរជើងការពារទឹកដីប្រឈមនឹងការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ តែនៅពេលដែលខ្លួនមានឱកាស មានសេរីភាព ដើរហើរ បែរជាដើរបង្កបញ្ហានៅក្នុងសង្គមទៅវិញ។ ដូច្នេះ ការធ្វើបែបនេះគឺជាការផ្សាភ្ជាប់គ្នារបស់យុវជនដូចគ្នា ចំពោះការលះបង់ ដើម្បីជាតិ៕
































