ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ណែនាំដល់មន្ទីររៀបចំដែនដី រាជធានី-ខេត្ត អនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី-ខេត្ត អនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី។ នេះបើតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីសម្រួល និងពន្លឿនការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានស្របតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងធុរជន ដែលមានតម្រូវការប្រើប្រាស់ សេវាសាធារណៈរហ័ស លើសេវាសុរិយោដី ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមដំណើរវិវឌ្ឍន៍របស់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍរីកចម្រើនផ្នែក បច្ចេកវិទ្យា ក្រសួងសូមធ្វើការណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) រាជធានី ខេត្ត ដូចខាងក្រោម៖

១៖ មន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវា សុរិយោដី ដែលក្រុមការងារនេះ ត្រូវដឹកនាំដោយប្រធានមន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត។

២៖ ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងចំនួន២រូប ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដោយភ្ជាប់មកជាមួយនូវលេខទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនង ប្រគល់និងទទួលសំណុំឯកសារ ស្នើសុំសេវាសាធារណៈរហ័សរបស់ប្រជាពលរដ្ឋ និងធុរជនជាមួយនឹងក្រសួង ព្រមទាំងអាច ផ្តល់ព័ត៌មានរាល់ចម្ងល់ជូនអ្នកប្រើប្រាស់សេវាបានរហ័ស និងទាន់ពេលវេលា។

៣៖ រាល់សំណុំឯកសារស្នើសុំសេវាសុរិយោដី ដែលបានដាក់ស្នើសុំនៅរដ្ឋបាលរាជធានី ខេត្ត ដែលកកស្ទះ ឬមានបញ្ហាមិនអាចធ្វើការសម្រេចក្នុងការផ្តល់ជូនប្រជាពលរដ្ឋបាន មន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត ត្រូវបញ្ជូនសំណើទាំងអស់នោះមកក្រសួង ដោយបញ្ជាក់ពីមូលហេតុ ឬបញ្ហាដែលមិនអាចសម្រេចបាន និងត្រូវលើកជាយោបល់សម្រាប់ការដោះស្រាយបញ្ហា ទាំងអស់នោះមកក្រសួង ដ.ន.ស. ដើម្បីពីនិត្យ និងសម្រេច៕