រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី


ក្នុងស្មារតីអភិរក្សប្រពៃណី និងរំលឹកគុណូបការៈ ចំពោះវីរបុរសស្នេហាជាតិ នៅថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបុណ្យឡើងរោងជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ យ៉ាងអធិកអធម នៅទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។

ពិធីដ៏សក្ការៈនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយបានការចូលរួមពី ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកស្រីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ។

កម្មវិធីនេះរៀបចំឡើងយ៉ាងសមរម្យតាមគន្លងប្រពៃណី និងជំនឿសាសនា ដើម្បីឧទ្ទិសកុសល និងសម្ដែងការដឹងគុណ ចំពោះបុព្វបុរស។ *ពេលរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ជួបជុំភ្ញៀវកិត្តិយស និងទទួលព្រះសង្ឃ, ពិធីសែនក្រុងពាលីតាមបែបសាសនា, នមសិកា សមាទានសីល និងព្រះសង្ឃ៩អង្គ ចម្រើនព្រះបរិត្ត និងពិធីអភិសេករូបសំណាក ទេពឧកញ៉ាឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។ *ពេលព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ព្រះសង្ឃនិមន្តដល់ និងចាប់ផ្តើមទទួលវន្តរកិច្ច នមសិកាសីល, ព្រះសង្ឃចំនួន១៣៥អង្គ និមន្តបិណ្ឌបាត្រ, គណៈអធិបតីអុជទៀនធូប និងឧទ្ទិសដង្វាយ (វន្តទាអាវុធចំនួន៣ដង), ពិធីសែនជូនកងទ័ព ដើម្បីជាកិច្ចរំលឹកគុណូបការៈ, អធិបតីអញ្ជើញស្រោចទឹកផ្នូរ និងទស្សនារបាំ ចែកទានកុសល ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

គួរជម្រាបជូនថា បើតាមការរំលឹកពីគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង គឺជាមេទ័ពដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គច័ន្ទរាជា។ ដើម្បីកម្ចាត់សត្រូវ លោកបានសម្រេចចិត្តបូជាជីវិត លោតចូលរណ្ដៅលំពែងទៅកេណ្ឌ “ទ័ពខ្មោច” រហូតទទួលបានជ័យជម្នះដ៏អស្ចារ្យ។ ក្នុងស្មារតីស្នេហាជាតិដ៏មុតមាំនេះ ជំទាវ ខាន់ ខៀវ និងបុត្រា២រូបទៀត ក៏បានលោតសម្លាប់ខ្លួនតាមលោកតាផងដែរ។ ចាប់តាំងពីពេលនោះមក វិញ្ញាណក្ខន្ធដ៏មានប្ញទ្ធិបារមីរបស់ទេពឧកញ៉ា តែងតែជួយថែរក្សាទឹកដីខេត្តពោធិ៍សាត់ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ ទើបអ្នកស្រុកតែងតែធ្វើពិធីឡើងរោងរៀងរាល់ឆ្នាំ ពិសេសក្នុងខែពិសាខនេះ។ បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្ត បូជនីយដ្ឋាននេះត្រូវបានអភិវឌ្ឍឱ្យមានសោភ័ណភាពស្រស់ស្អាត ក្លាយជាទីតាំងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងបន់ស្រន់មិនដែលដាច់ឡើយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែជាការគោរពជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបួងសួងសុំឱ្យបារមីទេពឧកញ៉ា តាមជួយថែរក្សាដល់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃជាតិ និងជាពិសេសសូមឱ្យបារមីទេពឧកញ៉ា តាមកម្ចាត់សត្រូវដែលចង់លេបត្របាក់ទឹកដីកម្ពុជា ឱ្យវិនាសអន្តរាយ។ សូមឧទ្ទិសបួងសួងសុំឱ្យបារមីទេពឧកញ៉ា តាមជួយគាំពារដល់កងកម្លាំងការពារព្រំដែន ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសូមឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែង៕

ឯកឧត្តមក៏សូមបួងសួងដល់បារមីសក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល ឱ្យជួបតែសេចក្តីសុខចម្រើន និងទទួលបានទឹកភ្លៀង សម្រាប់កិច្ចការងារបង្កបង្កើនផលស្រែចម្ការ ឱ្យទទួលបានភោគផលល្អប្រសើរផងដែរ៕