ទិវាពលកម្មអន្តរជាតិ ១ ឧសភា, អភិបាលខេត្តកណ្តាល លើកទឹកចិត្តកម្មករ កម្មការិនីឱ្យខិតខំបង្កើនសមត្ថភាព បើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗដើម្បីទទួលបានប្រាក់ខែខ្ពស់


ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំប្រារព្ធពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នា ឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចជាតិ។ «ភាពធន់» នៅទីនេះ សំដៅដល់ភាពរឹងមាំ និងសមត្ថភាពក្នុងការបន្សំខ្លួនរបស់បងប្អូនក្មួយៗ កម្មករ និយោជិត តាមរយៈការអភិវឌ្ឍជំនាញ និងចំណេះដឹង ខណៈដែល «ការងារសមរម្យ» គឺជាការងារដែលផ្តល់នូវប្រាក់ចំណូលសក្តិសម លក្ខខណ្ឌការងារល្អ សុវត្ថិភាព ព្រមទាំងមានការគាំពារសង្គមពេញលេញ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា រាជរដ្ឋាភិបាល ការគិតគូរអំពីសុខទុក្ខជីវភាពរបស់បងប្អូនកម្មករនិយោជិត ដោយបានកំណត់គោលនយោបាយយ៉ាងច្បាស់លាស់ ដែលផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារតាមរយៈការបង្កើត រក្សា និងបង្កើនការងារដល់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅ បង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»

ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្តបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត ដោយបច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសសរុបចំនួន ២ ១០៩ ទីតាំង និងកម្មករនិយោជិតចំនួន ២៥១ ១០៧នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតក៏នឹងកំពុងទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព បើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីឱ្យបងប្អូនយើងមានប្រាក់ខែខ្ពស់ ជំរុញកំណើនសេដ្ឋកិច្ចធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕