ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរាណដែលមានការធ្លាក់ចុះ គឺត្រូវតែធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថល ដែលជាភាពចាំបាច់ តាមរយៈការបង្កើត Content ខ្លឹមសារល្អៗ គុណភាពព័ត៌មាន មានវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យាដែលមានការវិវឌ្ឍយ៉ាងលឿន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា៖ «ប្រព័ន្ធផ្សព្វផ្សាយបុរាណ ទោះបីជាមានការចុះខ្សោយនូវតួនាទី ក៏ប៉ុន្តែនៅតែមានសារៈសំខាន់ក្នុងការផ្សាយព័ត៌មានពិតជូនដល់ប្រជាជន»។ ដូច្នេះដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ជាដើម ត្រូវជំរុញការផ្សព្វផ្សាយ ឌីជីថល ផ្សាយតាម វេបសាយ នៅលើ Facebook Telegram TikTok ជាដើម។
តាមរយៈនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់បណ្តាម្ចាស់ស្ថានីយផ្សព្វផ្សាយបុរាណទាំងអស់ ត្រូវខិតខំផលិត Content ដែលខ្លឹមសារល្អៗ មានកម្មវិធីផ្សាយសម្បូរណ៍បែប មានគុណភាព មានសុវត្ថិភាព ដើម្បីជាការទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនាបានច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មី ដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើមិនដូច្នោះទេ ប្រព័ន្ធផ្សព្វផ្សាយបុរាណនឹងប្រឈមការបិទទ្វារ ហើយក៏គ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ថែមទៀត។
ទាក់ទងបញ្ហាប្រឈមនានាខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ក្នុងធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថលនេះ៕










