លោក សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតថ្មីរបស់ឡាវប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជាកាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញារបស់លោកឯកអគ្គរដ្ឋទូតឡាវ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងមោទនភាពដែលត្រូវបានតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ លោកទូត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
លោក សនសៃ វ៉ាន់ណាសៃ បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ, លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវកន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជាក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។
លោកឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកបានជម្រាបជូនសម្ដេចមហាបវរធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។
ជាការឆ្លើយតប, សម្ដេចមហាបវរធិបតី បានសម្ដែងនូវការអបអរសាទរជូនចំពោះលោក សនសៃ វ៉ាន់ណាសៃ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។
សម្ដេចមហាបវរធិបតី មានជំនឿជឿជាក់ថា លោក សនសៃ វ៉ាន់ណាសៃ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តលោកឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕








