នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វណ្ណឡាល វ៉ូណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកម្មក្នុងទឹកដីខេត្តរតនគិរី។
ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល ដែលខេត្តរតនគិរីមាន ជាពិសេសសក្តានុពលលើវិស័យទេសចរណ៍ ក្នុងនោះអភិបាលខេត្តបានបង្ហាញពីទីតាំងអេកូទេសចរណ៍ជាច្រើនជាពិសេសរមណីយដ្ឋានបឹងយក្ខឡោម ដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ប្រជាជនកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេសគឺទំនាក់ការទូតដែលមានតាំងយូរ ធ្វើអោយប្រទេសកម្ពុជា និងឥណ្ឌា កាត់តែមានកិច្ចសហប្រតិបត្តិការល្អពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការឆ្លើយតបលោក វណ្ណឡាល វ៉ូណា បាវិតលុង បានកោតសរសើរ លើភាពរីកចម្រើនរបស់ខេត្តរតនគិរី ទៅលើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា។
លោកទទួលស្គាល់ថា ខេត្តរតនគិរីពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយទៅថ្ងៃអនាគតខេត្តរតនគិរី នឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕











