ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Penelope Street ស្ថាបនិក និងនាយិកាក្រុមហ៊ុន Narrowcasters និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏សំខាន់នេះ ភាគីក្រុមហ៊ុន Narrowcasters បានលើកឡើងអំពីបទពិសោធការងាររបស់ខ្លួនក្នុងការរៀបចំនិទានសាច់រឿងពីគោលដៅទេសចរណ៍ល្បីៗ នៅបណ្តាប្រទេសជាច្រើន រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ អស់រយៈពេលជាង១៥ឆ្នាំ កន្លងមក និងវប្បធម៌កម្ពុជា។
ទន្ទឹមនឹងនេះដែរ ភាគីក្រុមហ៊ុន ក៏បានចែករំលែកពីបទពិសោធរៀបចំការនិទានរឿងតាមស្តង់ដាអន្តរជាតិ (International Standard of Storytelling Experience) ដើម្បីបន្ថែមតម្លៃដល់គោលដៅទេសចរណ៍កម្ពុជា តាមរយៈការបកស្រាយពហុភាសា និងការបង្កើតបទពិសោធទេសចរណ៍ដែលកាន់តែទាក់ទាញ និងមានអត្ថន័យសម្រាប់ភ្ញៀវទេសចរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចែករំលែកនូវបទពិសោធដ៏ល្អរបស់ក្រុមហ៊ុនដែលជាការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលអាចរួមចំណែកលើកកម្ពស់ភាពទាក់ទាញ និងជាតម្លៃបន្ថែមរបស់គោលដៅទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិ។






