ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាមកពីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងដំណើរបំពេញ បេសកកម្មស្វែងរកការពិតស្តីពីភ័ស្តុភារកម្ម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមKeiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូបបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិ ការល្អរវាងក្រសួងទាំងពីរ និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរបស់ខ្លួនថែមទៀតនា ពេលអនាគត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនឯកឧត្តមKeiichi ISHI អំពី បច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានពិភាក្សាផងដែរអំពីគម្រោងអាទិភាព ខ្ពស់បំផុតរបស់ក្រសួងដូចជា៖ វឌ្ឍនភាពសម្រេចបានទាក់ទងនឹងការអភិវឌ្ឍប្លង់មេភស្តុភារកម្ម គម្រោង ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) កំពង់ផែប្រើប្រព័ន្ធEDI (Electromic Data Interchange) និងស្ថានីយ៍ពហុបំណងនៅក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់។
ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានស្នើឱ្យបញ្ចប់ការសិក្សាប្រព័ន្ធAGT និងកំពង់ផែប្រើប្រព័ន្ធEDI ក្នុងពេលឆាប់ៗ និងស្នើឱ្យមានការគាំទ្រលើគម្រោងនានាទាក់ទងនឹងប្រព័ន្ធព័ត៌មានគ្រប់គ្រងចរាចរណ៍នាវា ការបណ្តុះបណ្តាលសម្រាប់អ្នកត្រួតពិនិត្យយានយន្ត និងគ្រឿងបរិក្ខារសម្រាប់ថែទាំផ្លូវថ្នល់។
ឯកឧត្តមរដ្ឋមន្ត្រី Keiichi ISHII បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសហប្រតិបត្តិការរបស់ក្រសួង ទាំងពីរ និងបានសន្យាបន្តការគាំទ្រដល់គម្រោងអាទិភាព ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។