(ភ្នំពេញ)៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។
ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និងបានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។
ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នីមួយៗមានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំងផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយាល័យធ្វើការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។
អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មានទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹងតម្រូវការអាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។
ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាតសន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។
អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយ សរុបចំនួន ៥ជាន់ ជាមួយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុងការស្វែងរកចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅពេលយានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពីចំនួនចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌ក្រហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។
ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជាការបើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដាររបស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផលនេះ នឹងចូលរួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈក្នុងយុគសម័យបច្ចេកវិទ្យា។
អគារថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបតំណាងឱ្យភាពរីកលូតលាស់ រឹងមាំ ស្ថិរភាព លេចធ្លោប្រកបដោយទំនុកចិត្តខ្ពស់ និងជាអនាគតដ៏ត្រចះត្រចង់ ជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសាធារណៈ ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកជាប់ពន្ធ និងមន្ត្រីរាជការពន្ធដារទាំងអស់ អាចទទួលបាននូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ទំនើប ទាន់សម័យ ប្រសិទ្ធភាព ផាសុកភាព ប្រណិតភាព គុណភាព នៃការផ្តល់ និងទទួលសេវាពន្ធដារ ក្រោមដំបូលតែមួយ ក្នុងគោលដៅបន្តដំណើរអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។
ការសម្រេចបាននូវសំណង់អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារដ៏ប្រណីតនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងឆ្លងកាត់ការគិតគូរល្អិតល្អន់ និងម៉ត់ចត់ជាទីបំផុត។ បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការសាងសង់ ត្រូវបានគិតគូររាប់ចាប់ពីការស្វែងរកទីតាំងឡើងទៅ។ ការជ្រើសតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក៏ព្រោះតែតំបន់នេះស្ថិតនៅមិនឆ្ងាយពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ ក៏ដូចជាទីតាំងទីស្នាក់ការកណ្តាលចាស់ ដែលនៅតែធានាភាពងាយស្រួលក្នុងការមកទទួលសេវារបស់អ្នកបង់ពន្ធ។ បន្ថែមពីលើនោះ ទីនេះជាតំបន់ដែលមានសក្តានុពលក្នុងអភិវឌ្ឍនាពេលអនាគត និងមានភាពស្រលះទូលាយ ដែលអាចកាត់បន្ថយផលប៉ះពាល់ក្នុងការសាងសង់នានាជាអតិបរមា និងអាចសម្រួលដល់រំហូរដំណើរការសាងសង់បានយ៉ាងងាយស្រួល។
ការជ្រើសរើសទីតាំងនេះ ក៏ស្ថិតក្នុងការរំពឹងទុកខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចជាតំបន់ជុំវិញរាជធានី។ ជាក់ស្តែងមកទល់ពេលនេះ សន្ទុះនៃការរីកចម្រើននៅតំបន់ជ្រោយចង្វារបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការសាងសង់អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានឱ្យដឹងដែរថា ក្រៅពីការជ្រើសរើសទីតាំងហើយនោះ ការសាងសង់ក៏ត្រូវបានគិតគូរឱ្យអគារនេះក្លាយជាកន្លែងបណ្តុំនៃសេវាកម្មសម្រាប់អ្នកបង់ពន្ធ និងសាធារណជន ដែលភាសាបរទេសហៅថា «One-stop Servic» ដោយអ្នកបង់ពន្ធអាចទទួលបាននូវរាល់សេវាពាក់ព័ន្ធនានា តាមតម្រូវការក្នុងការទីតាំងតែមួយប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។ គោលគំនិតនេះ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណថ្មីរបស់ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងរដ្ឋបាលសារពើពន្ធដែលមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងការឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកបង់ពន្ធ។
ស្របតាមទិសដៅនេះ អគារនេះ ត្រូវបានរចនាឡើងដើម្បីបំពេញមុខងារ និងគោលបំណងសំខាន់ៗរួមមាន៖ ការគាំទ្រការងាររដ្ឋបាល, ការផ្តល់សេវាសាធារណៈ, ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center), ការគាំទ្រដល់ការបណ្តុះបណ្តាល និងកិច្ចសហការនានា, ការគាំទ្រដល់ប្រតិបត្តិការការងារប្រចាំថ្ងៃ និងការផ្តល់សេវាកម្មគាំទ្រនានា ដើម្បីផ្តល់ភាពប្រទាក់ក្រឡាដល់ការបង់ពន្ធ។
អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀបចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារការិយាល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងាររជាមួយអង្គភាពផ្សេងៗក្នុងអគ្គនាយកដ្ឋានពន្ធដារ។ អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។
អគារទាប ត្រូវបានរៀបចំជា «មជ្ឈលមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារសេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។
អគារនេះត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។
១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតាមរាល់ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈខ្មែរមួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕

























































































































