(បន្ទាយមានជ័យ)៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនគ្រួសារកងទ័ពនៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ៥៥គ្រួសារ និងគ្រួសារកងទ័ពកងពលតូចថ្មើរជើងលេខ៥១ ចំនួន២២៥គ្រួសារ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងឱកាស នៃការចុះសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាបណ្ឌិត ជូនចំពោះបងប្អូន គ្រួសារវីរៈកងទ័ពដោយក្ដីនឹករឭក។
ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី ដែលបងប្អូនវីរៈកងទ័ពបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ និងប្រជាជន។
ឯកឧត្តមបានបញ្ជាក់ថា វីរៈភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពដែលបានស្មោះស្ម័គ្រ លះបង់សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារប្រពន្ធកូន ក្នុងបុព្វហេតុការពាទឹកដី ជាតិមាតុភូមិ។ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតីជានាយករដ្ឋមន្ត្រី តែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព ក្រុមគ្រួសារ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។
អំណោយដែលទទួលបានក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មីមួយកេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ត្រីខ ១យួរ រួមនឹងថវិកាមួយចំនួន៕






















