ឯកឧត្តម សាយ សំអាល់ ផ្តល់ពូជសត្វនិងចែកសម្ភារៈចិញ្ចឹមសត្វដល់សហគមន៍ភ្នំគូលេនដើម្បីផ្តល់ជម្រើសបន្ថែមសម្រាប់បង្កើនជីវភាព


សៀមរាប៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបានប្រគល់ពូជសត្វជ្រូកព្រៃឬជ្រូកជនជាតិ និងមាន់រួមទាំងសម្ភារៈស្បៃសម្រាប់ចិញ្ចឹមសត្វដល់ប្រជាសហគមន៍ចំនួនពីរក្នុងខេត្តសៀមរាបដើម្បីផ្តល់ជាជម្រើសបន្ថែមក្នុងគោលបំណងជួយបង្កើនកម្រិតជីវភាពឱ្យកាន់តែប្រសើរបន្ថែមទៀត និងផ្លាស់ប្តូរជាបណ្តើរៗចេញពីការពឹងពាក់ទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ។
ការប្រគល់ដែលធ្វើឡើងនៅថ្ងៃទី១៨ខែវិច្ឆិកាក្នុងជំរុំយុវជនលើខ្នងភ្នំគូលេនដែលមានតំណាងសហគមន៍ទាំងពីរ(សហគមន៍ការពារធម្មជាតិព្រៃធំពពេល និងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំ) បានផ្តល់ពូជជ្រូកចំនួន១០៨ក្បាល និងមាន់ចំនួន២៣០ក្បាលនិងសម្ភារៈស្បៃសម្រាប់ចិញ្ចឹមដែលរៀបចំឡើងដោយនាយកដ្ឋានជីវភាពសហគមន៍នៃអគ្គសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន។
ថ្លែងទៅកាន់ប្រជាសហគមន៍ប្រមាណជិត១០០នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖”យើងផ្តល់ឱកាសថ្មីដល់ប្រជាសហគមន៍ដើម្បីបង្កើនកម្រិតជីវភាពបងប្អូនបន្ថែមទៀត ហើយចង់ឱ្យប្រជាសហគមន៍ក្លាយជាក្លាយជាមគ្គុទេស្ទន៍ទេសចរណ៍ជូនភ្ញៀវមើលសត្វព្រៃ កំសាន្តតាមប្រាសាទ និងតំបន់ធម្មជាតិផ្សេងៗទៀតដែលតំបន់សក្តានុពលក្នុងសហគមន៍”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការប្រកបរបររបស់ប្រជាសហគមន៍កាន់តែមានជម្រើសច្រើនតាមរយៈ ការរៀបចំ ការស្នាក់នៅ ការរៀបចំម្ហូបអាហារជូនភ្ញៀវទេសចរណ៍ដែលនឹងមកលេងតំបន់បេតិកភណ្ឌធម្មជាតិនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាសហគមន៍យកចិត្តទុកដាក់ចំពោះការចិញ្ចឹមសត្វ និងរក្សាព្រៃឈើក្នុងតំបន់សហគមន៍ភ្នំគូលេនដែលជាប្រភពទឹកសំខាន់បំផុតមួយសម្រាប់ខេត្តសៀមរាប។
យ៉ាងណាក៏ដោយ មុនថ្លែងបិទកម្មវិធី រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហើបថារដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីលុបចោលការលក់សំបុត្រសម្រាប់ដំណើរកម្សាន្តលើភ្នំគូលេនដែលជាតំបន់សក្តិសិទ្ធិ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល៕