រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងមីយ៉ាន់ម៉ាបន្តដឹកនាំក្រុមការងារជំនាញ និងផ្នែកឯកជន ពិភាក្សាជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍


ឯកឧត្តម U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៧-២០២០ ដោយផ្តោតការពិភាក្សាស៊ីជម្រៅលើចំណុចសំខាន់ៗ ៤ រួមមាន៖ ការជំរុញការតភ្ជាប់ (ការហោះហើរត្រង់) រវាងខេត្តសៀមរាប និងបាកាន ការផ្សព្វផ្សាយរួមគ្នា ការសម្រួលការធ្វើដំណើរ និងការបណ្តុះបណ្តាលធនធានមនុស្ស។
កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះធ្វើឡើងកាលពី រសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្រោយពិធីបើក ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ (CTM) ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ រួមមានប្រធាន ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា Myanmar Airway ប្រធានអាកាសចរណ៍កម្ពុជា Cambodia Angkor Air ប្រធានសមាគមន៍ទីភ្នាក់ងារធ្វើដំណើរមីយ៉ាន់ម៉ា និងប្រធានសមាគមន៍ទីភ្នាក់ងារធ្វើដំណើរកម្ពុជា និងក្រុមការងាររួមគ្នាដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា។
ក្រោយកិច្ចពិភ្សា ភាគីកម្ពុជា និងមីយ៉ាន់ម៉ា បានឯកភាពគ្នា៖ ១ ជំរុញការបង្កើនជើងហោះហើរ ពីទីក្រុងឌូបៃ នៃសហភាពអ៉ារ៉ាបរួមអេម៊ីរ៉ាត យ៉ាំងហ្គូន ភ្នំពេញ តាមរយៈក្រុមហ៊ុន Fly Emirates និងការជំរុញការតភ្ជាប់ជើងហោះហើរ ពីទីក្រុងយ៉ាំងហ្គូន សៀមរាប អង្គរ រវាងក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា និងអាកាសចរណ៍កម្ពុជា Cambodia Angkor Air ដែលក្រុមហ៊ុនទាំងពីរនឹងបន្តពិភាក្សាការងារបច្ចេកទេសដើម្បីជំរុញការហោះហើរត្រង់ឲ្យបានឆាប់។ ២ ជំរុញការផ្សព្វផ្សាយរួមគ្នា ដើម្បីបន្តរក្សាសមិទ្ធិផលដែលភាគីទាំងពីរបានធ្វើរួមគ្នាដូចជាការបោះពុម្ភបណ្ណផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាប អង្គរ និងបាហ្គាន (ប្រទេសពីរ គោលដៅតែមួយ) ការផ្លាស់ប្តូរទស្សនកិច្ច Farm Trip សម្រាប់ប្រពន្ធផ្សព្វផ្សាយ និង ការសម្តែងវប្បធម៌រួមគ្នា។ ៣ ខណៈពេលដែលប្រទេសទាំងពីមានការលើកលែងទិដ្ឋាការរួចហើយ សម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងក្របខណ្ឌអាស៊ាន ភាគីទាំងពីរបន្តខិតខំសម្រួលការផ្តល់ទិដ្ឋាការសម្រាប់ទេសចរមកពីប្រទេសទី៣ ដោយផ្តល់ទិដ្ឋាការពេលមកដល់ (Visa-on-arrival និងE-visa)ដើម្បីចូលមកកាន់ប្រទេសទាំងពីរ។ ៤ ការជំរុញការផ្លាស់ប្តូរទស្សនាកិច្ចសិក្សាដកស្រង់បទពិសោធន៍រវាងមន្ត្រីជំនាញ របស់ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាបុគ្គលិកជំនាញមកពីវិស័យឯកជន ដើម្បីចែករំលែកបទពិសោធន៍អនុវត្តល្អៗ សំដៅកសាងសមត្ថភាព ធនធានមនុស្សក្នុងវិស័យទេសចរណ៍។
សូមកត់សម្គាល់ថា ភាគីទាំងពីរក៏បានស្នើឲ្យមានជំនួបពិភាក្សាការងារថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរឲ្យបានយ៉ាងតិចម្តងក្នុងមួយឆ្នាំ និងបង្កើតជំនួបពិភាក្សារវាងក្រុមការងារជំនាញ និងផ្នែកឯកជន ឲ្យបានច្រើនដងជារៀងរាល់ឆ្នាំ៕