(ភ្នំពេញ)៖ កម្ពុជា បានជ្រើសរើសរួចហើយនូវអ្នកច្បាប់អន្តរជាតិដ៏ឆ្នើម២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួន សម្រាប់ការតតាំងគ្នានៅអង្គការសហប្រជាជាតិ។ នេះបើតាម ការបញ្ជាក់របស់ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស ។
ការបញ្ជាក់អំពីការជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញសរុបចំនួន៤៧រូប កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីជូនដំណឹងផ្លូវការពីភាគីកម្ពុជា ថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសគណៈកម្មការផ្សះផ្សារបស់ខ្លួនចំនួន២រូប។ ក្នុងយន្តការនេះ គណៈកម្មការផ្សះផ្សា២រូប ត្រូវបានជ្រើសរើសដោយកម្ពុជា ២រូប នឹងត្រូវបានជ្រើសរើសដោយភាគីថៃ ចំណែក១រូបទៀត ជ្រើសរើសរួមគ្នា។ ក្នុងករណីដែលភាគីថៃ មិនអាចជ្រើសរើសបានក្នុងរយៈពេល២១ថ្ងៃ នោះអង្គការសហប្រជាជាតិ នឹងជ្រើសរើសជំនួស។
បើតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា អ្នកច្បាប់អន្តរជាតិ២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន៖
១៖ លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក។ លោកធ្លាប់ធ្វេីជាអគ្គរាជទូតប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា ធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប៉ាន គីម៉ូន។ ចន្លោះឆ្នាំ ២០១៦ ដល់២០១៨ លោកធ្លាប់ធ្វេីជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រ របស់អង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ។
២៖ លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិដឺត្រយ (Institute de Droit International)។ ធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យបារីស ណាត់ទែរ៉េ (Universite Paris-Nanterre)។ ធ្លាប់ជាទីបឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្ថែមថា ក្នុងករណីដែលគណៈកម្មការត្រូវបានជ្រើសរើសរួចហើយ គណៈកម្មការនេះនឹងដើរតួជាអ្នកសម្របសម្រួលលើការងារដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ ដោយមាននីតិវិធីជាបន្តបន្ទាប់។
ការប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) របស់កម្ពុជា ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១ ដែលជាយន្តការទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹក។
នេះករណីទី២ ក្នុងប្រវត្តិសាស្រ្តរបស់ UNCLOS ដែលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេប៉ុន្តែ ផ្ទុយទៅវិញ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះ តាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ, កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដែលទទួលស្គាល់ដោយប្រទេសទាំងពីរ៕




