នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តសម្រេចបាននូវលទ្ធផលជោគជ័យ និងការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រដល់ការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំងសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម, ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ ២០៣០ និង ឆ្នាំ២០៤៥។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត រវាងប្រទេសទាំងពីរ។
មុននឹងបញ្ចប់, សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ៕

