តំណាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ចូលរួមសន្និសីទ​ឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤ នៅប្រទេសជប៉ុន


(ជប៉ុន)៖ តបតាមការអញ្ជើញរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងដោយទទួលបានការឯកភាពពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) បានអញ្ជើញចូលរួមសន្និសីទឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤ (24th ASEAN-Japan Senior Transport Officials Leaders Conference) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

សន្និសីទនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំឧត្តមមន្ត្រីដឹកជញ្ជូន នៃបណ្ដាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងប្រទេសជប៉ុន ដោយមានប្រទេសជប៉ុន និងប្រទេសហ្វីលីពីន ជាសហប្រធានកិច្ចប្រជុំ។

អង្គប្រជុំបានផ្ដោតលើការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងសកម្មភាពក្រោម ភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន (ASEAN-Japan Transport Partnership: AJTP) រួមទាំងការកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យលើសមិទ្ធផលគម្រោងចំនួន៤ និងគំនិតផ្តួចផ្តើមថ្មីចំនួន១ ដែលស្នើឡើងដោយប្រទេសជប៉ុន សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២៤ (24th ATM+Japan) ដើម្បីអនុម័តនាពេលខាងមុខ៕