លោកជំទាវបណ្ឌិត ជា សិរី អបអរសារទរដល់ SBI Bank ចំពោះការបញ្ចប់ការទិញហ៊ុន១០០% នៃ SBI Ly Hour Bank ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែង ចំពោះទីផ្សារកម្ពុជា


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្ដែងការអបអរសារទរចំពោះ ធនាគារ SBI Bank ចំពោះការបញ្ចប់ការទិញហ៊ុន១០០% នៃ SBI Ly Hour Bank ការប្តូរឈ្មោះទៅជា SBI Bank (Cambodia) ដែលនេះជាសមិទ្ធផលសំខាន់ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែង របស់ក្រុមហ៊ុននេះចំពោះទីផ្សារកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ខ្ញុំបានជួបប្រជុំជាមួយលោក Katsumi Hatao អនុប្រធានប្រតិបត្តិ ក្រុមហ៊ុន SBI Holdings ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីវត្តមាន និងការវិនិយោគរបស់ក្រុមហ៊ុននេះនៅកម្ពុជា។ ខ្ញុំបានអបអរសាទរ SBI Holdings ចំពោះការបញ្ចប់ការទិញហ៊ុន ១០០% នៃ SBI Ly Hour Bank ការប្តូរឈ្មោះ ទៅ SBI Bank (Cambodia) ដែលនេះជាសមិទ្ធផលសំខាន់មួយដែលឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននេះចំពោះទីផ្សារកម្ពុជា»

ធនាគារ អេស ប៊ី អាយ ខេមបូឌា ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្ថិតក្រោម ការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន SBI Holdings, Inc. សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតជូនចំពោះ លោកជំទាវបណ្ឌិត ជា សិរី ចំពោះការណែនាំ និងការគាំទ្រដ៏ខ្ពង់ខ្ពស់
ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់ SBI Holdings, Inc. ក្នុងទីក្រុងតូក្យូ។

ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក និងក្រុមហ៊ុនមេ Holdings, Inc. គាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញយុទ្ធសាស្ត្របច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ថ្នាក់ជាតិ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់។ ក្រុមហ៊ុននៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំស្របតាមទិសដៅនេះ ហើយនឹងបន្តរួមចំណែកនូវជំនាញ និងបទពិសោធន៍ជាសកល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា៕