ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» របស់គណបក្សប្រជាជនកម្ពុជា


នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅទីស្នាក់ការគណៈកម្មាធិការគណបក្សក្រុងព្រៃវែង ឯកឧត្តម ឡាំ ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» និង «ក្រមសីលធម៌សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្សក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» របស់គណបក្សប្រជាជនកម្ពុជា។  ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ គណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំង៤ ព្រមទាំងសមាជិក សមាជិកាគណបក្ស សរុបចំនួន ២៣៨ រូប។

 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» និង «ក្រមសីលធម៌សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្សក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យទទួលបានព័ត៌មានសំខាន់ៗ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ សំដៅយកប្រៀបឈ្នះជូនគណបក្សជាបន្តបន្ទាប់ទៀត ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោត។

 

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ជូនចំពោះអង្គពិធីទាំងមូល។

 

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា រាល់ខ្លឹមសារក្នុងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និងក្រមសីលធម៌នេះ គឺជាត្រីវិស័យដែលត្រូវតែអនុវត្តតាមដោយម៉ឺងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានសង្កាត់ទាំង៤ នៃក្រុងព្រៃវែង សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧ សំដៅយកប្រៀបឈ្នះជូនគណបក្ស  ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍បន្ថែមដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ, ត្រូវបង្កើនសកម្មភាពចុះជាប់ជាប្រចាំជាមួយប្រជាជននៅមូលដ្ឋាន, ត្រូវពិនិត្យកែសម្រួលនិងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការគណបក្ស ក្រុមការងារគណបក្ស យុវជនគណបក្ស ចលនាមហាជន និងចលនាស្ត្រី, ត្រូវពង្រឹងការគ្រប់គ្រងសមាជិកគណបក្សតាមយុទ្ធសាស្ត្រ «សមាជិកគណបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក». ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ ថវិកា ទី តាំងសម្រាប់បម្រើឱ្យការងារបោះឆ្នោតនៅមូលដ្ឋានសង្កាត់នីមួយៗឱ្យបានល្អប្រសើរ, ជួយជំរុញសមាជិក និងអ្នកគាំទ្រឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីបោះឆ្នោត, ខិតខំជួយប្រជាពលរដ្ឋចល័តក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតព្រមទាំងត្រៀមលក្ខណសម្បត្តិដើម្បីបានទៅបោះឆ្នោតគ្រប់ៗគ្នា, រៀបចំប្រតិទិនសកម្មភាពការងារតាមថ្ងៃនីមួយៗ សម្រាប់យុទ្ធនាការឃោសនារយៈពេល១៤ថ្ងៃ, រៀបចំនៅគ្រប់ទីស្នាក់ការគណបក្សឱ្យបានស្អាតបាត និងមានអ្នកប្រចាំការ២៤ម៉ោង, ណែនាំសមាជិកឱ្យចលនាគ្រួសារ សាច់ញាតិ មិត្តភក្តិ ឱ្យត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បង្រៀនឱ្យស្គាល់លេខរៀង របៀបគូសសន្លឹកឆ្នោត ស្គាល់ការិយាល័យ និងរំលឹកពីភាពចាំបាច់នៃអត្តសញ្ញាណបណ្ណ, ការអនុវត្តតាមការណែនាំស្តីពីក្រមសីលធម៌ដោយម៉ឺងម៉ាត់ក្នុងដំណើរការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជន, ព្រមទាំងការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកានៅតាមសង្កាត់នីមួយៗជាបន្តបន្ទាប់។

 

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានប្រសិទ្ធពរជ័យសិរីមង្គលជូនដល់អង្គប្រជុំទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។