ថ្នាក់ដឹកនាំខេត្តស្វាយរៀងជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា


នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលខុសត្រូវ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណេីរ លោកជំទាវ តំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក លោកស្រី អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងវិស័យគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗរបស់ខេត្ត សម្រេចបាន ក្នុងការវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដេីម ក្នុងនោះឯកឧត្តមបានបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)ជាដេីម។ ចំពោះវិស័យសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀងបានយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យព្យាបាល និងថែទាំសុខភាពប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែង ដែលស្តែងចេញតាមរយៈការកើនឡើងនៃការប្រើប្រាស់សេវាសុខាភិបាលនៅតាមមូលដ្ឋានសំដៅលេីកកម្ពស់សុកខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកជំទាវក៏បានជម្រុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តអប់រំ ផ្សព្វផ្សាយអំពីជំងឺមិនឆ្លងឱ្យកាន់តែទូលំទូលាយ តាមរយៈវីដេអូ សម្ភារៈផ្សព្វផ្សាយ និងសកម្មភាពអប់រំនៅតាមមន្ទីរពេទ្យ រោងចក្រ និងសហគ្រាសនានា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី អំពីហានិភ័យ និងការបង្ការជំងឺមិនឆ្លងនានា ដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងបញ្ហាសុខភាពផ្លូវចិត្តជាដេីម។
សូមជម្រាបជូនថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៨ មកកាន់ខេត្តស្វាយរៀង គឺដើម្បីចុះស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការនានារបស់មូលដ្ឋាន ក្នុងគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយ និងគាំទ្រដល់ការអនុវត្តគោលនយោបាយប្រព័ន្ធគាំពារសង្គម ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទទួលបានជោគជ័យ និងចំទិសដៅដែលបានគ្រោងទុក៕