វេទិកាផ្សព្វផ្សាយវិនិយោគអ៉ីនឆ័ន-កម្ពុជា!ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាត្រៀមស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួល​គ្រប់បែបយ៉ាងប្រកបដោយភាពកក់ក្តៅ​ជូនវិនិយោគិនកូរ៉េ


(អ៊ីនឆ័ន)៖ ក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនិងឡើងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាផ្សព្វផ្សាយវិនិយោគ អ៉ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ដែលព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក. រួមជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ដោយមានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។

អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI), ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM), ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជា រួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកបដោយភាពអនុគ្រោះខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ឡើងវិញជានូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមឆ័ត្រនៃ «ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា» វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹកចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

នៅក្នុងកម្មវិធីនេះក៏មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យ និងការផ្តល់ការណែនាំសម្រាប់ការវិនិយោគនៅកម្ពុជាពីសំណាក់ លោក Kim Sung Soo ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និង លោក Chung Myung Gyu ប្រធានសមាគមកូរ៉េប្រចាំកម្ពុជា។

បន្តពីរបៀបវារៈនេះឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. បានឡើងផ្តល់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា និងបិទបញ្ចប់ដោយវេទិកាសំណួរ-ចម្លើយ ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយសឆ្លើយតបស្រាយបំភ្លឺ នូវរាល់ចម្ងល់ និងការចោទសួរពីសំណាក់វិនិយោគិន ធុរជន និងអ្នកចូលរួមជាតំណាងក្រុមហ៊ុនសហគ្រាសធំៗរបស់កូរ៉េផងដែរ។

«វេទិកាផ្សព្វផ្សាយវិនិយោគ អ៉ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំរវាង ក.អ.ក. និង ICCI ក្នុងការរុញច្រានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់រលកនៃការវិនិយោគថ្មីៗ ពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕