កិច្ចប្រជុំ SOMRI៖ កម្ពុជា បង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងសុចរិតភាពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ


គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី២៣ (23rd SOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ ថាវអមិដា ដែលជាអនុប្រធាននៃកិច្ចប្រជុំនេះ បានអបអរសាទរចំពោះប្រទេសប្រ៊ុយណេដារូសាឡឹម ក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន និងសមិទ្ធផលសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការរៀបចំសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២២ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា។

កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២៣ បានពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមាន ការធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេចពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ាន របាយការណ៍លទ្ធផលការងាររបស់ក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើការផ្សាយឌីជីថល មាតិកានិងផលិតកម្ម ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងអនុគណៈកម្មាធិការព័ត៌មាននៃគណៈកម្មាធិការអាស៊ានស្តីពីវប្បធម៌ និងព័ត៌មាន។

អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០១៦-២០២៥ ការអនុវត្តផែនការការងារអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងការអភិវឌ្ឍផែនការមេស្តីពីការទំនាក់ទំនងអាស៊ាន ដំណាក់កាលទី៣ ឆ្នាំ២០២៦-២០៣០។ កិច្ចប្រជុំបានផ្តោតផងដែរលើកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ាន ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី នូវែលសេឡង់ ន័រវែស និងក្របខ័ណ្ឌអាស៊ានបូកបី។

ក្នុងឱកាសនោះ កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងសុចរិតភាពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ និងមាតិកាឌីជីថលក្លែងបន្លំ ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់តំបន់។

ជាមួយគ្នានេះ កម្ពុជាក៏បានជម្រាបជូនអង្គប្រជុំអំពីគម្រោង «ASEAN-China Forum for Responsible Media and Information Integrity in the Digital Age» ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ អភិបាលកិច្ចព័ត៌មានមានប្រសិទ្ធភាព និងការកសាងទំនុកចិត្តសាធារណៈក្នុងយុគសម័យឌីជីថល។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីកសាងសហគមន៍អាស៊ានដែលមានការតភ្ជាប់ និងធានាបានថា ប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ និងមានភាពធន់ក្នុងបរិយាកាសព័ត៌មានឌីជីថល៕