(ពោធិ៍សាត់)៖ កាន់តែមានភាពកក់ក្តៅ និងពោរពេញដោយស្នាមញញឹម! នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះថ្មី ចំនួន៥១ខ្នងបន្ថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពី ឯកឧត្តម អ៊ុំ សុខ និងឯកឧត្តម គីម សុផារុង អគ្គលេខារង នៃអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធធន និងនិវត្តជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសមាជិក សមាជិកាជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» គឺជាភូមិគំរូដ៏ពិសិដ្ឋមួយ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមប្រកបដោយមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាស្ថាបនិកផ្ទាល់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតជាប្រចាំ លើសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនក្នុងភូមិគំរូមួយនេះ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់ និងការគិតគូររបស់សម្តេច។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសពីការចាត់ចែងកែសម្រួលក្រុមការងារសម្ព័ន្ធមេត្រីភាពថ្មី ដើម្បីចុះជាប់ជាមួយមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជូនបងប្អូនឱ្យបានទាន់ពេលវេលា ពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលចូលមករស់នៅថ្មី។
ឯកឧត្តមបានគូសបញ្ជាក់ ពីគោលនយោបាយ ឈ្នះ-ឈ្នះ និងការរក្សាសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរខ្ពស់បំផុតពីអាយុជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់ ដោយតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន ជាមួយថៃ ដើម្បីចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលនាំមកនូវការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋទាំងសងខាង។
ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់អភិវឌ្ឍន៍ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកឧត្តមសេនីយ៍ឯក ប៉ែន ណាវណ្ណ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមើលខុសត្រូវក្នុងភូមិអភិវឌ្ឍន៍នេះផ្ទាល់ ឱ្យជំរុញសកម្មភាពដាំដើមឈើឱ្យបានផុសផុល ដោយដាក់គោលដៅ ឱ្យប្រជាពលរដ្ឋគ្រប់គ្រួសារ ដាំដើមឈើនៅមុខផ្ទះម្នាក់យ៉ាងតិចមួយដើម ដើម្បីបង្កើតបរិស្ថានបៃតង។ លើសពីនេះ ឯកឧត្តមបានប្រកាសពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែប្រែខេត្តពោធិ៍សាត់ទាំងមូល ឱ្យក្លាយជាខេត្តគំរូ ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពស្រស់បំព្រង និងអនាម័យបរិស្ថានស្អាតល្អ នាថ្ងៃខាងមុខ។
គួរជម្រាបជូនថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ មានសមាជិកសរុប ៤,៦៩៤នាក់ និងអតីតមន្ត្រីរាជការស៊ីវិល ១,៦៤៩នាក់។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ សមាគមបានបើកប្រាក់ឧបត្ថម្ភដល់គ្រួសារសព ចំនួន៧៥ករណី និងសហការជាមួយ ម.ជ.ជ. បើកប្រាក់ធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភដល់សព ចំនួន២០ករណី ក្នុងខែមិថុនា ដែលមានទឹកប្រាក់សរុប ២៩២,០៥២,៨៥៦រៀល។
ចំពោះវឌ្ឍនភាពនៅតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អនុវិទ្យាល័យ១កន្លែង (សិស្ស៣១៧នាក់), មណ្ឌលសុខភាព១កន្លែង, វត្តអារាម១កន្លែង និងអណ្តូងទឹក ៥២៥អណ្តូង។ សព្វថ្ងៃមានគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីអាស្រ័យផល ទាំង៦២៨គ្រួសារ គឺបានរស់នៅអចិន្ត្រៃយ៍ ចំនួន៤៧៧គ្រួសារ ដែលទទួលបានបណ្ណសមធម៌/ងាយរងហានិភ័យចំនួន ៤៥៨គ្រួសារ ហើយកំពុងចូលរួមសកម្មភាពសេដ្ឋកិច្ចតាមរយៈសហគមន៍កសិកម្ម ការដាំដុះម្ទេស និងការចិញ្ចឹមសត្វ។ បន្ថែមពីនោះ បានជ្រើសរើស បងប្អូនអតីតយុទ្ធជន និងនិវត្តជនថ្មី ដែលមានជីវភាពខ្វះខាត ចំនួន៣០០គ្រួសារ (ដោយជំហាន១ ចាប់ឆ្នោតរួចរាល់ ចំនួន២៤៩គ្រួសារ និងជំហាន២ ចំនួន៥១ ចាប់ឆ្នោតនាថ្ងៃនេះ)៕














































