គម្រោងវិនិយោគចំនួន៧ ទុនវិនិយោគសរុប ១១០លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី


(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារ បានប្រមាណ ៤,៥០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន៦គម្រោង រួមមាន៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ​ និងគ្រឿងសង្ហារិម គ្រប់ប្រភេទ និងរោងចក្រផលិតឱសថ និងវិស័យកសិកម្ម-កសិឧស្សាហកម្មចំនួន១គម្រោង៖ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី។

គម្រោងវិនិយោគទាំង៧ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង៕