រាជបណ្ឌិត្យសភាកម្ពុជា ចុះ MoU ជាមួយនឹងស្ថានទូតគុយបា ដើម្បីពង្រឹងកិច្ចសហការលើវិស័យអប់រំ ការស្រាវជ្រាវរួមគ្នា និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម


(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងស្ថានទូតគុយបា ក្នុងនាមតំណាងឱ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រអប់រំអេនរីកេ ហូសេ វ៉ារ៉ូណា (Enrique Jose Varona University of Pedagogical Sciences) និងសាកលវិទ្យាល័យកាម៉ាហ្គុយអី អីហ្គាស្យូ អាហ្គាម៉ុនតេ ឡូយណាហ្ស នៃសាធារណរដ្ឋគុយបា។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីហត្ថលេខីបានព្រមព្រៀងគ្នាលើ៖ ទី១. ការផ្លាស់ប្តូរឯកសារបោះពុម្ពផ្សាយសិក្សា និងសម្ភារៈស្រាវជ្រាវ ទី២. ការផ្លាស់ប្តូរអ្នកជំនាញវិទ្យាសាស្ត្ររវាងគ្នា ទី៣. ការផ្លាស់ប្តូរគ្រូបង្រៀនពីស្ថាប័នទាំងពីរសម្រាប់ការបណ្តុះបណ្តាលភាសា ទី៤. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទី៥. ការផ្លាស់ប្តូរទស្សនកិច្ចរបស់អ្នកសិក្សាស្រាវជ្រាវ អ្នកស្រាវជ្រាវថ្នាក់បណ្ឌិត និងគណៈប្រតិភូ សម្រាប់ការសិក្សាស្រាវជ្រាវ និងទស្សនកិច្ចសិក្សា ទិ៦. សំណើគម្រោងស្រាវជ្រាវរួម និងអនុវត្តគម្រោងស្រាវជ្រាវរួម ទី៧. ស្វែងរកដៃគូសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក និងទី៨. រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ក្រោយការចុះអនុស្សរណៈយោគយល់គ្នានេះ រាជបណ្ឌិត្យសភាកម្ពុជានឹងផ្ដោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាអេស្ប៉ាញនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសអាម៉េរិកឡាទីន ដែលមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវធ្វើជាឧបករណ៍គេនោះទេ ត្រូវធ្វើជាម្ចាស់ទៅលើវិស័យទេសចរណ៍របស់ខ្លួន ហេតុនេះហើយ កម្ពុជាត្រូវតែមានធនធានមនុស្សគ្រប់ភាសា៕