(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិទូទាំងប្រទេស ចូលរួមគ្រប់មធ្យោបាយ រូបភាព និង វិធីសាស្ត្រក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន និងបន្តបណ្តុះស្មារតីជាតិ «សង្គមកម្ពុជា គឺជាសង្គមដែលស្អាតស្អំប្រកបដោយភាពសុខុដុមរមនា ដាច់ខាតមិនត្រូវការគ្រឿងញៀន»។
តាមរយៈសារលិខិតដដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញពលរដ្ឋក្នុងសហគមន៍ទាំងអស់ បន្តធ្វើជាស្ពានតភ្ជាប់ជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍រាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrug និងប្រព័ន្ធ Hotline ដើម្បីយកបញ្ហានេះចេញពីសហគមន៍ និងឈានទៅសម្អាតភូមិ ឃុំ សង្កាត់របស់ខ្លួនឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ និងត្រូវមានភាពបុរេសកម្មឆ្លើយតបដោះស្រាយទាន់ពេលរាល់បណ្ដឹង និងការរាយការណ៍ពាក់ព័ន្ធករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនពីសំណាក់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គ្រប់វិស័យទាំងរដ្ឋ និងឯកជន ត្រូវខិតខំបញ្ជ្រាបខ្លឹមសារអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមស្ថាប័នអង្គភាព និងសហគ្រាសរៀងៗខ្លួន នៅតាមគ្រប់កម្មវិធី វេទិកា រូបភាព ទម្រង់ និងមធ្យោបាយនានា ជាពិសេសព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ពីមហាជនច្រើនដូចជា សិល្បៈ វប្បធម៌ កីឡា និងសាសនា ជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន
ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់ខ្លួន ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀន និងសារធាតុញៀនខុសច្បាប់នានា ដោយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប និងបទបញ្ជាលេខ០២ បប «គោលការណ៍សម្អាតផ្ទះ» និង «សម្អាតចកចេញពីបឹង»។
ក្នុងសារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជន យុវនារី សិស្សានុសិស្ស ត្រូវខិតខំបន្តស្វែងយល់ពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន និងត្រូវពង្រឹងស្មារតី និងជំនឿចិត្តខ្ពស់ក្នុងការជៀសឱ្យឆ្ងាយដាច់ខាតពីការសេពគ្រឿងញៀន និងសារធាតុញៀន គ្រោះថ្នាក់នានា ដូចជា៖ បារីអេឡិចត្រូនិក វេប ស៊ីស្សា និងសូមលើកទឹកចិត្តដល់អង្គការយុវជនសំខាន់ៗដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាយរឹទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមជំរុញបញ្ជ្រាបខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ឱ្យបានទូលំទូលាយដល់យុវជនទូទាំងប្រទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តជនរួមជាតិទាំងអស់ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស ត្រូវបំផុសគំនិតច្នៃប្រឌិតថ្មីៗនានា តាមរយៈបច្ចេកទេស វិទ្យាសាស្ត្រ ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលអាចបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមខ្លឹមសារនៃទិវា និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃយុគសម័យឌីជីថល។ រាល់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងរដ្ឋ និងឯកជន ត្រូវគោរពអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានកំណត់ និងត្រូវបំពេញតួនាទីខ្លួនដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស និងមេត្តាធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទន្ទឹមនឹងនេះ មាតា បិតា អាណាព្យាបាល និងអ្នកញៀនគ្រឿងញៀនទាំងអស់ ត្រូវមានស្មារតីឆន្ទៈក្នុងការទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលជាមធ្យោបាយតែមួយគត់ក្នុងការផ្តាច់គ្រឿងញៀន និងមានឱកាសក្នុងការសមាហរណកម្មចូលរួមជាមួយជីវភាពក្នុងសង្គមវិញបាន។ លើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស សមាគម អង្គការជាតិ និងអន្តរជាតិនានា បន្តចូលរួមសហការ ឧបត្ថម្ភ គាំទ្រដល់ការងារលើកកម្ពស់ ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងលើកទឹកចិត្តក្នុងការចុះអនុស្សរណៈនៃការយោគយល់ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងកិច្ចសហការលើវិស័យនេះ សមស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»៕






