នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត១ ជំនាន់ទី២២ ដែលមានរយៈពេល៣ថ្ងៃពេញ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន-អនុប្រធាន និងសមាជិកគណៈឃោសនាអប់រំគណបក្សខេត្ត/ក្រុង/ស្រុក គ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមជាសមាជិកបក្សសរុបប្រមាណ២០០នាក់។
ឯកឧត្តម ម៉ៅ ឌុង សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណ:ឃោសនាអប់រំគណបក្សខេត្ត បានឡើងធ្វើរបាយការណ៍សង្ខេប ពីដំណើរការ និងលទ្ធផលវគ្គអប់រំនយោបាយនេះ ដែលប្រព្រឹត្តិទៅមានរយៈពេល៣ថ្ងៃពេញ។
នាឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍សំណេះសំណាលដោយបានចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ដ៏មានសារៈសំខាន់ជូនសមាជិ សមាជិកាបក្ស ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិកបក្សទាំងអស់។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងថា ការអប់រំនយោបាយគណបក្ស គឺមានសារៈសំខាន់ និងជាកត្តាចាំបាច់បំផុតដើម្បីលើកកម្ពស់សមត្ថភាពផ្នែកនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីឆ្លើយតបទៅនឹងសំណូមពរ តម្រូវការ ស្ថានការណ៍ សភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។
ឯកឧត្តម គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់គណបក្សក្នុងការពង្រឹងមូលដ្ឋាននយោបាយ និងធានានូវការបន្តវេនដឹកនាំប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តម ប៉ែន កុសល្យ រំលេចពីវគ្គបណ្តុះបណ្តាលនេះគឺជាប្រទីបបំភ្លឺផ្លូវ និងជាអាវុធយុទ្ធសាស្ត្រសម្រាប់មន្ត្រីបក្សដើម្បីរក្សាប្រៀបឈ្នះគ្រប់សមរភូមិផងដែរ។
ជាចុងក្រោយ ឯកឧត្តម ប្រធាន បានផ្តល់អនុសាសន៍ណែនាំដល់ ត្រូវនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់សមាជិកផ្សេងទៀតនៅតាមមូលដ្ឋាន សំដៅធានាឱ្យគណបក្សប្រជាជនកម្ពុជាបន្តទទួលបានប្រៀបឈ្នះនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត និងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕
















