វេទិកា«ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន» ជាការរក្សានូវវប្បធម៌សន្ទនាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ


ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ រៀបចំវេទិកាស្តីពីការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងស្ថាប័នពាក់ព័ន្ធសង្គមស៊ីវិល និងតំណាងរដ្ឋបាលខេត្ត និងសហគមន៍មូលដ្ឋានប្រមាណ៥០០នាក់ នៅទីស្តីការក្រសួង បរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាវេទិកានេះ រៀបចំឡើងជាវប្បធម៌សន្ទនាសម្រាប់អ្នកចូលរួមបានចែករំលែកជាមតិ យោបល់ ដើម្បីជំរុញអោយបង្កើតជាផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានេះដែរ ជាឱកាសដែលគ្រប់ភាគីពាក់ព័ន្ឋបានចូលរួមដោះស្រាយសំណូមពរបញ្ហាប្រឈមនានា ដើម្បីការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ឋភាពបន្ថែមទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងជាពិសេសទី១ អនុវត្តតាម គោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និការពារមាតុភូមិចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ទី២ យុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ឋភាព និងទី៣ តាមមតិណែនាំរបស់សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែនណាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានបំពេញភារកិច្ចរបស់ខ្លួន ពាក់ព័ន្ឋនឹងការការពារ និងអភិរក្សធម្មជាតិ ដោយទទួលទ្ឋផលចម្បងៗជាច្រើន រួមមានកំណែទម្រង់ស្ថាប័ន គោលនយោបាយ និងច្បាប់ ការបង្កើនប្រសិទ្ឋភាពគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងធនធានធម្មជាតិ។ ចំណុចមួយទៀតផ្តោតលើការអនុវត្តស្មារតីវេទិកាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ០៥សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយប្រគល់សមត្ថកិច្ច និងការទទួលខុសត្រូវទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលការងារគ្រប់គ្រងថែរក្ស និងការពារធនធានធម្មជាតិ ជាពិសេសការចាត់វិធានការឱ្យបានហ្មត់ចត់ក្នុងការទប់ស្កាត់ការបង្រ្កាប និងការុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ព្រមទាំងការរុករានដីនៅតំបន់ការពារធម្មជាតិ។ ដើម្បីជំរុញការអនុវត្តសារាចរណែនាំលេខ០៥ ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិគ្រប់ប្រភេទទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានមន្ទីរបរិស្ថាន ជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរាជធានី ខេត្ត។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានចុះពិនិត្យ និងតាមដាន និងជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពខេត្តនានា ដើម្បីបង្កើនប្រសិទ្ឋភាពគ្រប់គ្រងតំបន់ការពារធម្មជាតិទូទាំងប្រទេស៕