សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជន បម្រុងរបស់អតីត គណបក្ស សង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ) នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃឱសានវាទចុងក្រោយ នៃការទុកឱកាសដល់​មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ នៅតាមឃុំសង្កាត់ទូទាំងប្រទេស ដើម្បីចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូល កាត់ឲ្យរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

រយៈពេល២ថ្ងៃចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាស ដោយចេញគោលការណ៍ថ្មីមួយទៀត ក៏ដូចជាការផ្ដល់កាដូដ៏ធំជូនទៅបេក្ខជនបម្រុង មានន័យថា មន្ដ្រីរបស់គណបក្សសង្គ្រោះជាតិ ដែល​បានឈរឈ្មោះតែមិនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬជំទប់ អាចទទួលបានតំណែងទាំងនេះ នៅពេលពួកគាត់ ព្រមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាង ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា អ្នកដែលមិនមែនជា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ តែបានឈរឈ្មោះ ហើយមិនជាប់ឆ្នោត ដូច្នេះយើងនឹងផ្ដល់ការអនុគ្រោះឲ្យពួកគេក្លាយទៅជាសមាជិកក្រុមប្រឹក្សា ឬជំទប់ ជំនួសកន្លែងអ្នកដែលជាប់ឆ្នោតរបស់គណបក្សមួយនេះ ដែលមិនបានចូលរួមជាមួយ គណបក្សប្រជាជន»

ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោតនឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរ៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គ.ជ.ប៕