អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី បានផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសមាជិកបក្សទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសារលិខិតរបស់ឯកឧត្តម Tahir Budagov មានខ្លឹមសារដូចនេះថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងនយោបាយដឹកនាំឈានមុខ នៅក្នុងប្រទេស។ ការរួមចំណែកសម្រាប់ជាតិ និងប្រជាជនដោយគណបក្សរបស់សម្តេច កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តដោយជោគជ័យនូវគោលនយោបាយនានា ក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ»។

ជាសេចក្តីសោមនស្សរីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងបក្សយើងទាំងពីរត្រូវបានពង្រឹង បន្ថែមទៀត ក្នុងបរិបទនៃការអភិវឌ្ឍដោយជោគជ័យនៃទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងអាស៊ែបៃហ្សង់ និងកម្ពុជា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ទាំងនៅក្នុងកម្រិតទ្វេភាគី និងក្របខ័ណ្ឌអង្គការអន្តរជាតិនានា។ ឆ្លៀតក្នុងឱកាសនេះ លោកសូមសម្តែងនូវគារវកិច្ចដឹងគុណចំពោះការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូបក្សរបស់សម្តេច នៅក្នុងសន្និសីទអន្តរជាតិស្តីពី «ការរួមចំណែកក្នុងតំបន់ចំពោះសន្តិសុខសកល៖ ការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង» នៅទីក្រុងស៊ូសា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម Tahir Budagov ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងរវាងបក្សយើងទាំងពីរនឹងបន្តអភិវឌ្ឍទៅមុខដោយជោគជ័យ ទាំងនៅក្នុងកម្រិតទ្វេភាគី និងវេទិកាអន្តរជាតិនានា ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជនរបស់យើងទាំងពីរ។

នៅក្នុងទិវាដ៏វិសេសវិសាលនេះ ឯកឧត្តមក៏សូមប្រសិទ្ធពរជ័យ និងអបអរសាទរជាថ្មី សូមជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមជូនពរឱ្យប្រទេសកម្ពុជាទទួលបាន សុខសន្តិភាពនិងការរីកចម្រើន និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវភាពសុខក្សេមក្សាន្ត និងរុងរឿង៕