អភិបាលខេត្តបន្ទាយមានជ័យ ណែនាំមន្ដ្រីត្រូវបំពេញការងាររបស់ផ្នែកនីមួយៗ តាមរចនាសម្ព័ន្ធដែលច្បាប់ ផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព


(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម។ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ លោកជំរុញមន្ដ្រី ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណា ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ទាន់ចិត្ត។

ឯកឧត្តម អ៊ុំ រាត្រី បានណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសអញ្ជេីញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាព នាយក-នាយករងទីចាត់ការ និងប្រធាន-អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំតែងតាំងការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចមន្រ្តីរាជការ គឺជាដំណើរការជាប្រក្រតីនៅក្នុងការងារដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ ដើម្បីឲ្យបំពេញ តួនាទី-ភារកិច្ច ក៏ដូចជាការងារប្រចាំថ្ងៃប្រកបដោយគុណភាព និងស័ក្តិសិទ្ធភាព ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការបំពេញតួនាទី-ភារកិច្ច ការដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ-បុគ្គលិករបស់រាជរដ្ឋាភិបាល និងជាពិសេស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបានធ្វើការណែនាំ-ផ្តាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដែលនឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានល្អខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទី-ភារកិច្ច ដូចមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ឲ្យបានម៉ឺងម៉ាត់ និងទទួលបានជោគជ័យ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់ចែងអនុវត្ត និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេសបន្តខិតខំអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច។

សូមបញ្ជាក់ថា លោក ឈឺន សូរិយា ប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ ត្រូវបានតែងតាំងជានាយករងរដ្ឋបាលសាលាខេត្ត, លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ ជាប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ, លោក អ៊ុន ផាត នាយករងទីចាត់ការអន្តរវិស័យ ជានាយកទីចាត់ការអន្តរវិស័យ, លោក គុណ សុគន្ធ ប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច ជានាយករងទីចាត់ការអន្តរវិស័យ, លោក ពេជ្រ ដារ៉ា អនុប្រធានការិយាល័យគណនេយ្យ ជានាយករងទីចាត់ការហិរញ្ញវត្ថុ រួមនឹងប្រធាន-អនុប្រធាន ចំនួន៨រូបផ្សេងទៀត៕