ថ្ងៃអង្គារ៍ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ស្ទឹងត្រែង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
អនុវត្តតាមសេចក្ដីសម្រេចលេខ ៣៨៩ និងលេខ ៣៩០/០៦២៦/សស.គក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សោម សឿន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសប្រធានកិត្តិយស និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ។
ជាកិច្ចចាប់ផ្ដេីមឯកឧត្តមបាននាំពាក្យផ្ដាំផ្ញេីសួរសុខទុក្ខ និងសព្វសាធុការពរដ៏បវរមហាប្រសេីរ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សជូនដល់អង្គពិធីទាំងមូល ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងគណៈកម្មាធិការគណបក្សខេត្ត ដែលបានរួបរួមសាមគ្គីគ្នាប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងកន្លងមក ធ្វេីឱ្យខេត្តស្ទឹងត្រែងប្រែមុខមាត់ថ្មីស្រស់បំព្រងគួរជាទីមោទនភាពយ៉ាងក្រែលែង ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះខេត្តស្ទឹងត្រែងដែលសម្រេចបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងបានប្រឹងប្រែងយ៉ាងសកម្មក្នុងការបោះឆ្នោតអសកលជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ។ ប្រការនេះសរបញ្ជាក់ឱ្យឃេីញថា ប្រជាជនកម្ពុជា លោកត្រូវការជាចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ដែលជោគជ័យទាំងនេះមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលបានឡេីយ ។
ឯកឧត្តមក៏បានរំឭកអំពីប្រវត្តិស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលចាប់បដិសន្ធិបាន ៧៥ឆ្នាំ តែងប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួន គឺជាតំណាងដ៏បរិសុទ្ធនៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន ឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន តស៊ូពុះពារឆ្លងកាត់រាល់ឧបសគ្គ ហ៊ានធ្វេីពលិកម្មឥតរួញរាដេីម្បីការពារ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។
ជាង៣ទសវ្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យ និងអធិបតេយ្យជាតិពេញលេញដែលមិនធ្លាប់មានជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ ។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយជោគជ័យ ទទួលបានការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាជន ។ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងស្មុគស្មាញនៃសភាពការអន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ថៃមកលេីអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្ដី ក៏ប្រទេសជាតិយេីងនៅបន្តឈានទៅមុខនៅលេីមាគ៌ាអភិវឌ្ឍន៍ ។ គណបក្សប្រកាន់ជំហរអត់ធ្មត់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលេីមូលដ្ឋានច្បាប់អន្តរជាតិ គោរពបទឈប់បាញ់ តាមស្មារតីសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការជាតិកិច្ចការព្រំដែនទូទៅ (GBC) ឯកភាពឈប់បាញ់ រក្សាកម្លាំងឈរជេីង និងជំរុញការវាស់វែងដោះស្រាយបញ្ហាព្រំដែន ដាច់ខាតមិនទទួលស្គាល់ការប្រេីប្រាស់កម្លាំងយោធាទន្ទ្រានកាន់កាប់លេីបូរណភាពទឹកដីរបស់យេីងនោះទេ ។
ភារកិច្ចជាយុទ្ធសាស្ត្ររបស់គណបក្សយេីងក្នុងដំណាក់កាលបច្ចុប្បន្ន គឺពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេររឹងមាំ និងបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ដេីម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូ ។
ឯកឧត្តមក៏បានលេីកឡេីងអំពីតួនាទីរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងទិសដៅភារកិច្ចការងារគណបក្សមួយចំនួន ជាជំនួយស្មារតីដល់ក្រុមការងារ និងគណៈកម្មាធិការគណបក្សខេត្ត អនុវត្តស្របតាមលក្ខណៈជាក់ស្ដែងនៅខេត្តស្ទឹងត្រែង ។
ជាចុងបញ្ចប់ឯកឧត្តមបានផ្ដាំផ្ញេីដល់សមាជិក សមាជិកាទាំងអស់ រួបរួមសាមគ្គីជាធ្លុងមួយជុំវិញការដឹកនាំរបស់ក្រុមការងារ និងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ដេីម្បីបន្តសម្រេចបានសមិទ្ធផលស្នាដៃថ្មីៗទៀតជូន ជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។


