ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​ចូលរួម​អភិ​រក្ស និងអភិវឌ្ឍធនធាន​ជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការ​អាហារ​មូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់​ជីវ​ភាព​ប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវ​បាន​លែង​ចូលទៅក្នុងដែនទឹកធម្មជាតិ។

ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅបឹងទន្លេបាទីនាព្រឹកថ្ងៃនេះ ត្រីមេពូជ កូនត្រី និងវារី​សត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល មានដូចជា បង្កង ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីគ្រំ ត្រីត្រសក់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីអណ្តែងទន់ ត្រីព្រលូង ត្រីកន្ធរ ត្រីសណ្តាយ និងត្រីផ្សេងៗ។ រីឯ​ប្រភេទ​វារីសត្វផ្សេងទៀតមានដូចជា៖ អណ្តើក ២០​​ ក្បាល, កន្ធាយ ១០ គីឡូក្រាម, អន្ទង់ ២០គីឡូក្រាម, ខ្យង ១៥​គីឡូក្រាម និងគ្រំ ២០គីឡូក្រាម។

អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា អាចស្តុកទឹកបាន ៣០​លាន​​ម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់ សម្រាប់ជីវភាព​រស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការនេសាទ និងធ្វើស្រែចំការ។

ការរៀបចំប្រារព្ធទិវាមច្ឆជាតិនៅទន្លេវ៉ៃគោនាព្រឹកថ្ងៃនេះ គឺជាលើកទី២ហើយ។ លើកទី១ ត្រូវបានប្រារព្ធឡើងកាលពីឆ្នាំ២០១១ ក្រោមអធិបតីភាពរបស់ សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕