(ភ្នំពេញ)៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដជំរុញលើកទឹកចិត្ដដល់មន្ដ្រីក្រោមឱវាទ ត្រូវខិតខំអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់ទៀត រួមទាំងជំនាញទន់ផងដែរ ដើម្បីបម្រើសេវាសុខាភិបាល ជូនប្រជាជនកាន់តែមានភាពល្អប្រើសើរ និងជឿទុកចិត្ដ។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្នុងឱកាស បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន៣១១៧នាក់ នាថ្ងៃអង្គារ១រោច ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២៖០០នាទីរសៀល។
ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានថ្លែងថា «មូលដ្ឋានសុខាភិបាល បានបង្កើននូវទំនុកចិត្តជូនប្រជាជនកាន់តែច្រើន មកទទួលសេវាសុខាភិបាលតាមតម្រូវការ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព»។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅ ក្នុងផែនការដែលទាមទារឱ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិន និងមានភាពក្លាហាន ក្នុងការកំណត់គោលដៅខាងមុខ។ បន្ថែមពីនេះ ការធ្វើផែនការក៏តម្រូវឱ្យមានការគិតគូរទៅលើអាទិភាព ដែលផ្តោតទៅលើភាពបន្ទាន់ និងភាពសំខាន់របស់គោលដៅទាំងនោះ។
ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ខាងលើនេះ ក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញចែករំលែកសមិទ្ធិផលការងារបស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។ មណ្ឌលសុខភាពស្វាយជុក បានបញ្ជក់ថាការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និងការសហការល្អរវាងមណ្ឌលសុខភាព និង អជ្ញាធម៌ឃុំស្វាយជុកជាចំនុចខ្លាំងរបស់មណ្ឌលសុខភាព។ ជាលទ្ធផលការសហការល្អនេះបានជំរុញឱ្យមណ្ឌលសុខភាពស្វាយជុក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ សហគមន៍ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តកំពង់ត្រឡាច នៅក្នុងដំណើរអភិវឌ្ឍខ្លួនឱ្យទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ៕


























