ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ២ខ្នង (មាន ១០បន្ទប់) រួមជាមួយបន្ទប់ទឹក ១ខ្នង (មាន ៤បន្ទប់) ព្រមទាំងការរៀបចំទីធ្លាសាលា និងដងទង់ជាតិ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
លោកជំទាវបានលើកឡើងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសការគិតគូរដល់ការអប់រំរបស់កុមារ និងសិស្សានុសិស្ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យបានសមរម្យ។ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលានេះ ត្រូវបានរៀបចំឡើងទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ៧អង្គ និងមានការចូលរួមពីយាយជី តាជី ៥០នាក់ អាណាព្យាបាលសិស្ស ១០០នាក់ ព្រមទាំងសិស្សានុសិស្សចំនួន ៦២២នាក់។
ទន្ទឹមនឹងនេះ លោកជំទាវក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួម ក្នុងនោះរួមមានឃីតសម្ភារប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាចំនួន ៥០,០០០រៀល ព្រមទាំងបានប្រគល់រទេះរុញចំនួន ២គ្រឿង ជូនដល់ប្រជាពលរដ្ឋមានពិការភាពផងដែរ។ ដោយឡែក សម្រាប់ក្មួយៗសិស្សានុសិស្សទាំង ៦២២នាក់ ក៏ទទួលបានការចែកជូនអាហារសម្រន់ពីរដ្ឋបាលក្នុងឱកាសនោះសប្បាយរីករាយផងដែរ៕








