(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទស្សនៈគួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការវិវត្តនៃកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដោយបានបង្កើតជាគំនិតថ្មីមួយហៅថា «ភូមិសាស្ត្របាល់ទាត់» ដែលខុសប្លែកទាំងស្រុងពី «ភូមិសាស្ត្រនយោបាយ» នៅលើឆាកអន្តរជាតិ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ បានកត់សម្គាល់ឃើញថា បាល់ទាត់គឺជាវិស័យតែមួយគត់ដែលមានស្តង់ដារអន្តរជាតិពិតប្រាកដ។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នេះ សម្តេចសង្កេតឃើញថា «ភូមិសាស្ត្របាល់ទាត់» កំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែមានវត្តមាននៃក្រុមបាល់ទាត់មកពីប្រទេសដែលមានប្រជាជនតិច និងប្រទេសកំពុងអភិវឌ្ឍន៍ កាន់តែច្រើនឡើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច បានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេ។ នេះគឺជាភូមិសាស្ត្របាល់ទាត់ ដែលវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ ដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់»។
សម្តេចបានសង្កេតឃើញថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយបានផ្តួលក្រុមខ្លាំងៗពីប្រទេសអ្នកមានឱ្យធ្លាក់ចេញពីការប្រកួតជាបន្តបន្ទាប់ ចាប់តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គ ៣២ ក្រុមចុងក្រោយ។ ក្នុងករណីខ្លះ ទោះបីជាមិនអាចយកឈ្នះបានក៏ដោយ ក៏ក្រុមទាំងនោះបានធ្វើឱ្យក្រុមប្រទេសមហាអំណាចមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលបាល់ទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។
ផ្អែកលើការវិវត្តនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយមថា នៅថ្ងៃណាមួយ ប្រទេសដែលកំពុងអភិវឌ្ឍ ឬមានប្រជាជនតិច នឹងអាចលើកពានរង្វាន់បាល់ទាត់ពិភពលោកបានជាក់ជាមិនខាន។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនដឹងថាលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិសាស្ត្របាល់ទាត់) ហើយឬនៅទេ ប៉ុន្តែសម្រាប់ខ្ញុំ ឱកាសត្បូង ត្បូង បាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាការកោតសរសើរចំពោះសមិទ្ធផលកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដាស់តឿនឱ្យពិភពលោកមើលឃើញពីសមភាព និងឱកាសដែលកើតមានឡើងតាមរយៈកីឡា ដែលជាស្ពានភ្ជាប់ទំនាក់ទំនងដោយគ្មានការរើសអើង៕

