កម្ពុជា ស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៊ីលើការងារវារីវប្បកម្ម ការកែច្នៃវេចខ្ចប់កសិផល ការលើកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ


(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញទទួលជាមួយលោក Shaiful Naszri Abdul Wahid ទីប្រឹក្សាកសិកម្មនៃស្ថានទូតម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងទទួលស្វាគមន៍នូវរាល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើការងារវារីវប្បកម្ម ការកែច្នៃវេចខ្ចប់កសិផល ការលើកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ ជាមួយនឹងកសិផលសក្តានុពលកម្ពុជារួមមាន៖ ស្រូវអង្ករ ស្វាយចន្ទីជាដើម ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងតម្លៃបន្ថែមខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តម  បានលើកទឹកចិត្តគណៈប្រតិភូម៉ាឡេស៊ី ជំរុញវិស័យឯកជន និងវិនិយោគិនម៉ាឡេស៊ី ចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា(CAFE26) នាពេលខាងមុខនេះ សំដៅស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា ការតភ្ជាប់ខ្សែច្រវាក់តម្លៃគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានផលចំណេញទាំងអស់គ្នា៕