ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ ទោះមានឧបសគ្គធំៗចំពោះមុខ


(ភ្នំពេញ)៖ វេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បើទោះបីរងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាបែបណាក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែមានសុខភាពល្អ ហើយបាននិងកំពុងបោះជំហានទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានបញ្ហាធំៗដែលនឹកស្មានមិនដល់បានកើតឡើង គឺប្រទេសទទួលរងសង្គ្រាមឈ្លានពានយ៉ាងអាក្រក់ពីប្រទេសថៃ ដែលបង្កឲ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់, ពលករពីប្រទេសថៃសម្រុកមកប្រទេសវិញយ៉ាងគំហុគ និងយ៉ាងច្រើនក្នុងពេលតែមួយ ខណៈសង្គ្រាមនេះក៏បានបង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើន។

បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបង្កឲ្យប្រេង និងឧស្ម័នឡើងថ្លៃខ្ពស់ ហើយប្រេងជាទំនិញចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលការហក់ឡើងខ្ពស់វាប៉ះពាល់ខ្លាំងណាស់។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ស្កេមអនឡាញ) ដែលជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ ពិបាកដោះស្រាយពីព្រោះជាឧក្រិដ្ឋកម្មឆ្លងដែន និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយកម្ពុជាបានក្លាយជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់។

បើតាមឯកឧត្តម ប៉ែន បូណា បញ្ហាធំៗទាំងនេះ ប្រៀបដូចជាព្យុះដែលបោកបក់ព្រមៗគ្នា និងយ៉ាងពេញទំហឹងមកលើរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលទើបតែចូលកាន់តំណែងថ្មីៗ។ វាប្រៀបដូចជាវិញ្ញាសាដ៏តឹងតែងបំផុត ដែលចូលមកសាកល្បងសមត្ថភាពដឹកនាំ ចាត់ចែង និងដោះស្រាយរបស់ថ្នាក់ដឹកនាំវ័យក្មេង ជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ទោះជារងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាបែបនេះ ក៏កម្ពុជានៅតែរក្សាបាន៖

*ទី១៖ សុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជននៅតែត្រូវបានថែរក្សា។ ប៉ុន្ដែសង្គ្រាមឈ្លានពានដែលមិនបានតាំងចិត្ត និងដែលយើងមិនចង់ឃើញទាល់តែសោះនោះ បានកើតឡើងនៅតាមជាយដែនថៃពីរលើក ដែលទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវប្រើសិទ្ធិការពារខ្លួន។ ទោះយ៉ាងណា ថ្នាក់ដឹកនាំរបស់យើងដែលតែងតែតម្កល់តម្លៃសន្តិភាពជាធំ បានប្រែក្លាយសង្គ្រាមប្រដាប់អាវុធ ឲ្យទៅជាដំណោះស្រាយតាមការទូត និងផ្លូវច្បាប់វិញ

*ទី២៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ៖ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលចំណូលសារពើពន្ធក៏មានកំណើន។

*ទី៣៖ ស្ថិរភាពសង្គម-នយោបាយ ក៏នៅថែរក្សាបានល្អ៖ អត់មានភាពវឹកវរ ចលាចលសង្គម ឬចលាចលនយោបាយអីកើតឡើងក្នុងប្រទេសឡើយ

*ទី៤៖ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយបានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ក្រោយការវាតម្លៃពីរលើក កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិជាប្រទេសដែលអាចចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខដដែល។