រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗ ដូចជា ការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្ស ក្រុង សង្កាត់ សាខាបក្សភូមិ យុវជនគណបក្សក្រុង ក្រោមអធិបតីភាព ឯកឧត្តម កែ គឹម យ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យនាពេលខាងមុខ និងផែនការសកម្មភាពសំខាន់ៗ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ព្រមទាំងរបៀបវារៈសំខាន់ៗដ៏ទៃទៀត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត ប្រធានក្រុមការងារសាខា-អនុសាខាបក្សចុះជួយក្រុងប៉ោយប៉ែត និងចុះជួយសង្កាត់ទាំង៥ ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារគណបក្សរហូតសម្រេចសមិទ្ធផលគួរជាទីមោទក ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ។ ទន្ទឹមនឹងនេះ ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ជាពិសេសការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពលករត្រឡប់ពីប្រទេសថៃ ជនភៀសសឹកនិងបញ្ហាផ្សេងៗ ដើម្បីផ្តល់ការគាំទ្រជួយដោះស្រាយការលំបាករបស់ពួកគាត់ ជាពិសេសក្ដាប់ជាប់នូវ ការផ្ដល់សេវាសាធារណៈនិងសង្គម ជាពិសេស បញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់អំពើអសកម្ម បញ្ហាអសន្តិសុខ និងដោះស្រាយគ្រប់សំណូមពរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង ប៉ោយប៉ែត ឲ្យមានប្រសិទ្ធភាពនិងឆាប់រហ័សបំផុត៕


