នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ និងកម្មវិធីដាំដើមឈើ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំដល់យុវជនជំនាន់ក្រោយ។
ពិធីនេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១ពាន់នាក់ ដែលបានបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ និងបរិស្ថាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។ ឯកឧត្តមបានជំរុញឱ្យយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមអភិបាលខេត្តបានដាក់ទិសដៅយ៉ាងមុតមាំលើការងារអនាម័យ ដោយតម្រូវឱ្យយុវជនត្រូវមានបំនិន ចេះរៀបចំអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសការគ្រប់គ្រងសំរាមនៅតាមសាលារៀន ទីសាធារណៈ និងគេហដ្ឋាន ដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅស្អាត និងមានផាសុកភាព។ ការយកចិត្តទុកដាក់លើអនាម័យនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
លើសពីនេះ ឯកឧត្តម ខូយ រីដា បានបង្ហាញពីភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាជាតិ ដោយបានគូសបញ្ជាក់អំពីជម្លោះព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងយន្តការទូតនានា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ ឯកឧត្តមបានក្រើនរំលឹកដល់សិស្សានុសិស្សថា អាយុជីវិតគឺសំខាន់បំផុត ហើយដរាបណាយើងមានជីវិត យើងនឹងមានឱកាស និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យភាពជាតិយើងផងដែរ។ ដូច្នេះសិស្សានុសិស្ស ត្រូវទុកការសិក្សារៀនសូត្រជាអាទិភាព ដើម្បីមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការចូលរួមការពារ និងអភិវឌ្ឍន៍ជាតិនាពេលអនាគតប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកដល់យុវជន អំពីគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម ដែលទាមទារឱ្យមានការលះបង់ និងការត្រៀមខ្លួនជានិច្ច ដើម្បីជួយអ្នកដទៃដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ។ ចំពោះការពាក់កន្សែងយុវជននាថ្ងៃនេះ មិនមែនគ្រាន់តែជាការបង្ហាញរូបភាពនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃការប្តេជ្ញាចិត្តធ្វើជាពលរដ្ឋល្អ មានស្មារតីមនុស្សធម៌ និងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមចំណែកដល់សង្គម។
ឯកឧត្តម ខូយ រីដា បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ត្រូវនាំគ្នាដាំដើមឈើបន្ថែមទៀត និងត្រូវទទួលខុសត្រូវថែរក្សាវាឱ្យបានរស់ និងមានសោភណ្ឌភាព ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។
ឯកឧត្តមអភិបាលខេត្តមានជំនឿយ៉ាងមុតមាំថា យុវជន ក៏ដូចជាសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កិត្តិយសខេត្ត និងប្រទេសជាតិទាំងមូល តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម បរិស្ថាន និងមនុស្សធម៌។ ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់យុវជនកម្ពុជា៕














































