ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីនេះដោយមានការអមដំណើរពីក្រុមការងារគ្រប់លំដាប់ថ្នាក់។ ជំនួបនេះមានគោលបំណងពង្រឹងស្មារតីសាមគ្គីភាព និងជំរុញការបន្តអនុវត្តគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានសួរសុខទុក្ខ និងជូនពរជ័យ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាបានបន្តខិតខំប្រែក្លាយការលំបាកឱ្យទៅជាឱកាស ដើម្បីពង្រឹង និងពង្រីកខ្លួនតាមរយៈការជំរុញផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ផលិតផលជាតិ និងការបង្កើតការងារក្នុងស្រុក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានឆ្លុះបញ្ចាំងពីភាពធន់ និងឆន្ទៈមោះមុតរបស់កម្ពុជាក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ ស្របតាមការប្រែប្រួលថ្មីៗនាពេលអនាគត។
ឯកឧត្តម កែ គឹមយ៉ាន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកម៉ាឡៃ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់គណបក្ស និងប្រទេសជាតិ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាពជាតិ និងសុខសុវត្ថិភាពជូនប្រជាជន ព្រមទាំងទប់ស្កាត់រាល់ឧបាយកលនៃក្រុមប្រឆាំងនិយមមួយក្តាប់តូច ដែលនៅតែចិញ្ចឹមចិត្តបង្កអស្ថិរភាពនយោបាយ និងបំភ្លៃបំភ្លើសព័ត៌មាន។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានរំលឹកដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ថា ឆ្នាំ២០២៦ នេះគឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈរួមគ្នាក្នុងដំណើរចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។ ដូច្នេះ ឯកឧត្តមបានអំពាវនាវដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ បន្តអនុវត្តនូវការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ប្រមូលនូវរាល់សំណើសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីជាតិនិយម គាំទ្ររាល់គោលនយោបាយ និងជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារក៏បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាភូមិអភិវឌ្ឍន៍មួយផ្ដល់នូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម កែ គឹមយ៉ាន ទៅកាន់ស្រុកម៉ាឡៃ នាពេលនេះ មិនត្រឹមតែជាការជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញស្មារតីសាមគ្គីភាព ពង្រឹងការអនុវត្តគោលនយោបាយ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕







































