លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្ឌិត គីម យ៉ុងស៊ុន រដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា (MOIP) នៃសាធារណរដ្ឋកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ លោករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីដំបូងនៃក្រសួងកម្មសិទ្ធិបញ្ញា (MOIP) និងបានថ្លែងអំណរគុណ ចំពោះភាពជាដៃគូដ៏រឹងមាំ និងការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ពីសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពវិជ្ជមាននៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងផែនការការងារឆ្នាំ២០២៥–២០២៧ ជាពិសេសលើវិស័យការអភិវឌ្ឍផ្នែកច្បាប់ និងស្ថាប័ន ការកសាងសមត្ថភាព ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងម៉ាក ការការពារកម្មសិទ្ធិបញ្ញា និងការអប់រំផ្នែកនវានុវត្តន៍។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន–សាធារណរដ្ឋកូរ៉េ និងបានស្វាគមន៍ក្នុងការបន្តកិច្ចសហការអនុវត្តគំនិតផ្តួចផ្តើមនានា របស់អាស៊ានលើវិស័យកម្មសិទ្ធិបញ្ញានាពេលអនាគត៕









